ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ភ្លៀងនៅតែបន្តធ្លាក់ សូមប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ៗ

    BY Khmernote Media September 22, 2020
    ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ភ្លៀងនៅតែបន្តធ្លាក់ សូមប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ៗ

    រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថាចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅច្រើន ហើយអំពាវនាវសូមឲ្យប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ។

    ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ ដោយសង្កេតឃើញថា នៅថ្ងៃទី២៣ ខែកញ្ញា ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ដែលធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន, បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ និង បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

    ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ដែលអាចកើតមានជាពិសេស បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ហើយដោយឡែកប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: