ចិនបើកឡានបុកប៉ារ៉ាស់គេចគោលដៅត្រួតពិនិត្យសមត្ថកិច្ច ហើយយកឡានទៅប្លុងចោល រួចបោះថង់ដាក់គ្រឿង ញៀននៅជិតឡាន ហើយរត់បាត់ស្រមោលចោលកូន២នាក់ក្នុងឡាន
រាជធានីភ្នំពេញ ៖ ថ្នាំក្រវីប្រភេទម៉្សៅខេមួយស្បោងធំជិត៥គីឡូក្រាម រួមទាំងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន១៤កញ្ចប់ ធំទៀត និងជនជាតចិនម្នាក់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆែករកឃើញនិងឃាត់ខ្លួន គ្រាដែលឃាត់រថយន្តជនជាតិចិន ដែលបើកគេចត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយយកទៅប្លុងចោលបន្សល់ទាំងកូនក្មេង២នាក់ទៀតក្នុងរថយន្តផងដែរ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សំណាងណាស់ដែលសមត្ថកិច្ចឃាត់បាន ចុះបើឃាត់មិនបានវិញ មិនដឹងធ្លាយដល់ណា ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់អោយក្រុមការងារខ្មែណូតដឹងថា មុនឈានដល់ការបង្ក្រាបករណីគ្រឿងញៀននេះ គឺកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចជិតស្ពានហង្ស ក្នុងមូលដ្ឋានស្រាប់ ឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកដោយជនជាតិចិនប្រុសស្រី២នាក់ រួមមានកូនតូចប្រុសស្រី២នាក់ទៀត បានធ្វើដំណើរមកចូលគោលដៅត្រួតពិនិត្យក្នុងល្បឿនលឿន ហើយសមត្ថកិច្ចក៏ហៅអោយឈប់ ដើម្បីសុំត្រួតពិនិត្យ តែរថយន្តខាងលើមិនបានឈប់ឲ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនោះទេ បានបន្ថែមល្បឿនបើកគេចចេញពីគោលដៅសមត្ថកិច្ច ក៏ជ្រុលទៅបុកប៉ារាស់របស់សមត្ថកិច្ច ឆ្ពោះចូលក្នុងកោះពេជ្រ ភ្លាមៗនោះកម្លាំងម៉ូតូប្រដេញ ក៏បានចេញជួយអន្តរាគមន៍ដេញតាមពីក្រោយ ខណៈពេលមកជិតខុនដូមួយឈ្មោះ Prince Fresh ក៏បានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅដែលដាក់គ្រឿងញៀនចោលនៅជិតរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅកូនតូចប្រុសស្រី២នាក់ ក្នុងរថយន្តកំពុងតែយំរកឪពុកម្ដាយ។
ក្រោយហេតុការណ៍នេះដែរ សមត្ថកិច្ចបានឆែកឆេរក្នុងថង់ខ្មៅឃើញសុទ្ធគ្រឿងញៀន ប្រភេទម្សៅខេ ជិត៥គីឡូក្រោម និងលុយដុល្លារមួយចំនួនទៀត ។
ក្រោយពេលឆែកឃើញសមត្ថកិច្ចបានដឹកនាំកម្លាំង ចុះបន្តទៅឆែកឆេនៅក្នុងបន្ទប់ខុនដូមួយកន្លែងទៀត សង្ស័យថាប្តីប្រពន្ធទៅសម្ងំក្នុងបន្ទប់ ស្រាប់តែទៅមិនទាន់ដល់បន្ទប់ផង បានលិចមុខបុរសជនជាតិចិនម្នាក់ដើរចេញពីក្នុងសណ្ឋាគារមានយួរវ៉ាលីខ្មៅចេញមកខាងក្រៅ ឈរមើលគេមើលឯងបានមួយសន្ទុះ ស្រាប់តែជនជាតិចិនរូបនោះស្ទុះរត់សំដៅឡើងរថយន្ត តែត្រូវបានសមត្ថកិច្ចមានការសង្ស័យ ក៏ក្របួចជាប់ភ្លាមៗ និងបានឆែកឆេរកឃើញគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន១៤ដុំទៀត ។ ប្រតិបត្តិការណ៍នេះបញ្ចប់វេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
បច្ចុប្បន្ន បុរសជនជាតិចិន រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនគីឡូ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ និងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនៃច្បាប់។ ចំណែកឯប្តីប្រពន្ធរត់គេចខ្លួនបាត់ចោលកូននោះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ។
សូមបញ្ជាក់ថា នៅចំណុចអាគារខុនដូរ Prince Fresh តាមផ្លូវកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនេះ កាលពីយប់ថ្ងៃទី២៣ ខែសីហា ២០២០នេះ កម្លាំងនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ក្រសួងមហាផ្ទៃ ក៏បានបង្ក្រាបករណីគ្រឿងញៀន ហើយបានផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត