ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិដេអូសមត្ថកិច្ចប្រដេញម៉ូតូជនសង្ស័យ ២នាក់ ជិះរត់គេចពីគោលដៅត្រួតពិនិត្យនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ចុងក្រោយជនសង្ស័យដួល និងរត់ចោលម៉ូតូអស់

    BY Khmernote Media September 25, 2020
    វិដេអូសមត្ថកិច្ចប្រដេញម៉ូតូជនសង្ស័យ ២នាក់ ជិះរត់គេចពីគោលដៅត្រួតពិនិត្យនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ចុងក្រោយជនសង្ស័យដួល និងរត់ចោលម៉ូតូអស់

    រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នា រត់គេចពីគោលដៅត្រួតពិនិត្យមុខស្នាក់កាតប៉ុស្តិ៍ចាក់អង្រែក្រោម ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ចេញម៉ូតូប្រដេញតាមដល់រង្វង់មូលព្រះនរាយណ៍ ក៏បញ្ច្រាសផ្លូវ និងព្យាយាមបន្ថែមល្បឿនសាងលេខផងបុកលេងផង រហូតដល់គល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ក៏ផ្ដួលម៉ូតូបុកផ្ទប់ខឿនចិញ្ចើមស្ពាន ហើយរត់ចោលម៉ូតូគេចខ្លួនបាត់តែម្ដង ។

    ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវរលាម៉ោងជិត៩យប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចគោលដៅត្រួតពិនិត្យរបស់អធិការដ្ឋានខណ្ឌមានជ័យ ស្ថិតនៅចំណុចមុខស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ អនុសេនីយ៍ឯក ភក្ដី ម៉ាណេត បានរៀបរាប់ប្រាប់បងម៉េងជាអ្នកយកព័ត៌មានយើងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យ រឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខប៉ុស្តិ៍ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ហើយមួយសន្ទុះក្រោយមក ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA SIRIUS ពាក់ស្លាកលេខភ្នំពេញ 1CY-7843 ឌុបគ្នា ចូលមកគោលដៅរបស់សមត្ថកិច្ចត្រួតពិនិត្យ ហើយឃើញសមត្ថកិច្ចក៏ព្យាយាមអែបស្ដាំហើយបម្រុងបត់ត្រលប់ក្រោយរត់គេច តែងាកមកឃើញសមត្ថកិច្ចដែលចាំស្ទាក់ពីក្រោយ ទើបយុវជនទាំងពីរនាក់នោះ បានសាងលេខបន្ថែមល្បឿនជិះរត់គេចចេញពីគោលដៅ ដោយមិនខ្លាចបង្កគ្រោះថ្នាក់ដល់សមត្ថកិច្ចដែលនៅខាងមុខឡើយ ទើបកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចេញម៉ូតូប្រដេញតាមពីក្រោយ និងប្រាប់អោយយុវជនទាំងពីរនាក់នោះ អែបគៀនសិនដើម្បីសុំត្រួតពិនិត្យ តែយុវជនទាំងពីរនាក់នោះ មិនព្រមឈប់ទេ រហូតដល់រង្វង់មូលព្រះនរាយណ៍ យុវជនទាំងពីរនាក់នោះ បានកាច់ចង្កេះមកតាមផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ និងព្យាយាមបន្ថែមល្បឿនសាងលេខផងបុកលេងផង និងបត់តាមផ្លូវមាត់ទន្លេ(ផ្លូវលេខ២១) រហូតដល់គល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ បំណងបត់ឆ្វេងតាមគល់ស្ពានឆ្ពោះទៅរង្វង់មូលព្រែកសំរោង តែបែរជារអិលដួលម៉ូតូអូសផ្ទប់នឹងខឿនចិញ្ចើមស្ពាន ភ្លាមៗនោះកម្លាំងម៉ូតូប្រដេញក៏មកដល់ ទើបយុវជនទាំងពីរនាក់នោះភ័យស្លន់ស្លោ ស្ទុះងើបរត់ចោលម៉ូតូគេចខ្លួនបាត់តែម្ដង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងផ្អើលឈូឆរចោមរោមមើលពេញគល់ស្ពានផងដែរ ។

    បន្ទាប់មកខាងកម្លាំងអន្តរាគមន៍ពិសេសក៏បានរាយការណ៍ជូនថ្នាក់លើ ដើម្បីរាយការណ៍បន្តដល់សមត្ថកិច្ចមូលដ្ឋានក្រុងតាខ្មៅបានដឹងផងដែរ និងឃើញមានខាងកម្លាំងប៉ុស្តិ៍នគរបាលតាខ្មៅ ដែលជាម្ចាស់មូលដ្ឋានដែលដួលម៉ូតូនោះ ចុះមកដល់ សាកសួរដំណើររឿងហេតុ ដើម្បីរាយការណ៍ជូនថ្នាក់លើផងដែរ។

    ក្រោយកើតហេតុ ម៉ូតូដែលបន្សល់ទុកចោលបន្ទាប់ពីជិះរត់គចពីគោលដៅត្រួតពិនិត្យរបស់អធិការដ្ឋានខណ្ឌមានជ័យនោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស យកមកគោលដៅត្រួតពិនិត្យវិញ ដើម្បីរក្សាទុកបណ្ដោះអាសន្ន រងចាំធ្វើការស្រាវជ្រាវ និងស្វែងរកម្ចាស់ម៉ូតូតាមជំនាញរបស់សមត្ថកិច្ចពេលក្រោយទៀត ៕ ដោយបងម៉េង

    Share This Post: