កោះមួយនេះ និងផ្លូវសំខាន់ៗមួយចំនួនទៀតនៅសិង្ហបុរី ត្រូវបានការពារយ៉ាងតឹងរឹងសម្រាប់ជំនួបរបស់លោក ដូណល់ ត្រាំ និងលោក គីម ជុងអ៊ុន
សិង្ហបុរី៖ កោះ Sentosa និងផ្លូវចេញពីមជ្ឈមណ្ឌល Harbourfront ឆ្ពោះទៅកាន់កោះនេះ ត្រូវបានគេរៀបចំជាពិសេស សម្រាប់ជំនួបប្រជុំជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ និងប្រមុខដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តិទៅក្នុងថ្ងៃទី១២ មិថុនា ខាងមុខនេះ។ បើយោងតាមសារព័ត៌មាននៅក្នុងស្រុករបស់សិង្ហបុរីបានឲ្យដឹងបន្ថែមថា តំបន់នៅជុំវិញសណ្ឋាគារ Shangri-La Hotel Singapore ក៏ត្រូវបានគេរៀបចំជាពិសេសសម្រាប់ការប្រជុំខាងលើដែរ ហើយតំបន់សំខាន់ៗខាងលើ នឹងត្រូវបានដាក់បន្ថែមនូវសន្តិសុខចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមិថុនា។
ប្រជាពលរដ្ឋសិង្ហបុរី និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលត្រូវឆ្លងកាត់ ឬត្រូវចេញចូលក្នុងតំបន់ ដែលគេបានកំណត់ខាងលើនេះ នឹងត្រូវត្រួតពិនិត្យជាពិសេសពីក្រុមសន្តិសុខ ហើយប្រសិនគេរកឃើញអ្នកណាម្នាក់មានសម្ភារៈមិនប្រក្រតីនោះ គេអាចនឹងឃាត់ ខ្លួនជនទាំងនោះដើម្បីធ្វើការសាកសួរទៀតផង។ សារព័ត៌នេះគឺជាការជូនដំណឹងមួយសម្រាប់អ្នកប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងករណីមានការចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬត្រូវទៅកំសាន្តនៅតំបន់ខាងលើនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia