ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្បិចថ្មី! ឃើញជនរងគ្រោះបណ្តើរម៉ូតូទៅចាក់សាំង ធ្វើជាចិត្តល្អមកជួយអូសម៉ូតូរកកន្លែងចាក់សាំង ពេលចាក់សាំងហើយធ្វើជាបញ្ឆេះសាកមើល រួចជិះទៅបាត់

    BY Khmernote Media September 28, 2020
    ល្បិចថ្មី! ឃើញជនរងគ្រោះបណ្តើរម៉ូតូទៅចាក់សាំង ធ្វើជាចិត្តល្អមកជួយអូសម៉ូតូរកកន្លែងចាក់សាំង ពេលចាក់សាំងហើយធ្វើជាបញ្ឆេះសាកមើល រួចជិះទៅបាត់

    រាជធានីភ្នំពេញ ៖ អ្នកធ្វើដំណើរតាមដងផ្លូវទៅណាមកណាមេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើងមានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាសអាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល ជាក់ស្ដែងល្បិចថ្មី ធ្វើជាចិត្តល្អខណៈពេលដែលបុរសម្នាក់ចេញពីផឹកជិះម៉ូតូអស់សាំងតាមផ្លូវ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមានជនសង្ស័យ៣នាក់ចិត្តល្អជួយអូសម៉ូតូទៅចាក់សាំងអោយ លុះយកសាំងចាក់រួចហើយ ក៏បញ្ឆេះជិះយកចេញទៅបាត់ស្រមោល កាលពីវេលាម៉ោង០២:៤៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្បែរភោជនីយ៍ដ្ឋានផ្ទះផាតធី ផ្លូវបែកជាបួន លេីផ្លូវ១៣៨ កែងផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    បើតាមសម្ដីជនរងគ្រោះមានឈ្មោះ មៀន ចិត្រា អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរជួយលក់រថយន្ត ស្នាក់នៅហ្គារ៉ាសលក់រថយន្តមួយកន្លែង នៅតាមផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាសពេទ្យលោកសង្ឃប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 0233 មិនចាំអក្សរទេ ចេញពីផឹកស៊ីនៅហ្គារ៉ាសលក់រថយន្តថៅកែរបស់ខ្លួន សាខាទី២ នៅចំណុចស្តុបកោសដូង ដោយធ្វើដំណើរមកតាមផ្លូវ២៦១ ពីត្បូងទៅជើង ស្រាប់តែម៉ូតូអស់សាំងបណ្ដើរ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង (ស៊េរីAuto មិនចាំម៉ាក) ពីក្រោយធ្វើជាចិត្តល្អមកជួយអូសម៉ូតូរបស់គាត់ ទៅរកកន្លែងចាក់សាំង ហើយគាត់ក៏ប្រាប់ថា បើជ្រុលជាពួកបងជួយគាត់ហើយ ជួយអូសអោយទៅដល់ហ្គារ៉ាសលក់រថយន្តរបស់ថៅកែគាត់តែម្ដងទៅ នៅផ្លូវកម្ពុជាក្រោមតែម្ដងទៅ ពួកគេក៏យល់ព្រម ហើយធាក់ម៉ូតូមកដល់ចំណុចកើតហេតុ កែងផ្លូវ១៣៨ ជិតភោជនីយដ្ឋានផ្ទះផាតធី ក៏ឈប់ម៉ូតូទាំងអស់គ្នា ។

    ប្រភពពីជនរងគ្រោះបន្ថែមទៀតថា ខណៈពេលឈប់នៅចំណុចកើតហេតុ ជនសង្ស័យទាំងបីនាក់នោះ មិនដឹងទៅយកសាំងមួយដបទឹកសុទ្ធ(កន្លះលីត្រ)មកពីណាទេ បានបើកកែបម៉ូតូរបស់គាត់ រួចចាក់សាំងចូល ហើយគាត់ក៏លើកដៃសំពះអរគុណ ជនសង្ស័យក៏និយាយប្រាប់ថាមិនអីទេ រួចក៏ធ្វើជាបញ្ឆេះអោយគាត់មើល ហើយឡើងជិះចេញទៅតាមផ្លូវ១៣៨ ទិសដៅពីលិចទៅកើតគេចខ្លួនបាត់ស្រមោលតែម្ដង។

    ភ្លាមៗនោះគាត់ក្រឡេកមើលឆ្វេងមើលស្ដាំដែរ ផ្លូវបំបែកជាបួនគឺគ្មានមនុស្សណាម្នាក់ឡើយ ព្រោះគេចូលសម្រាកក្នុងផ្ទះរៀងៗខ្លួនអស់ហើយ មិនដឹងជាស្រែកប្រាប់អ្នកណាអោយជួយទេ ទើបដកទូរស័ព្ទទំនាក់ទំនងទៅប្រាប់កូនចៅរបស់ខ្លួនដែលនៅឃ្លាំងលក់រថយន្តបានដឹងដែរ តែពួកគេមិនទាន់ជឿ ទើបគាត់ដើរទៅដល់ឃ្លាំងស្រែកហៅកូនចៅ២នាក់ចេញមកក្រៅ ហើយពួកគេក៏អោយទាក់ទងទៅវិទ្យុABC ដើម្បីផ្សាយដំណឹងនេះផងដែរ ។

    បន្តិចក្រោយមកក្រុមអ្នកសារព័ត៌មានយើងទៅដល់ ហើយធ្វើការសាកសួរ រួចនាំជនរងគ្រោះមកចង្អុលបង្ហាញកន្លែងកើតហេតុវិញ គឺមកដល់ឃើញតែសំបកដបទឹកសុទ្ធដាក់សាំងដែលជនសង្ស័យបោះចោលកន្លែងកើតហេតុតែប៉ុណ្ណោះ ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី២ ក៏បានចុះមកពិនិត្យមើលដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី២ ដើម្បីសាកសួរ និងទទួលបណ្ដឹងដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះ លុះពេលមកដល់ប៉ុស្តិ៍សមត្ថកិច្ចសួរនាំមិនទាន់ច្បាស់លាស់ផង ជនរងគ្រោះប្រាប់ថា រូបគេងងុយខ្លាំងហើយ សុំអោយសមត្ថកិច្ចជួយដឹកទៅឃ្លាំងលក់រថយន្តថៅកែរបស់ខ្លួនវិញសិន ចាំស្អែកព្រឹកងើបមកដាក់ពាក្យបណ្ដឹងតាមក្រោយទៀត ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post: