រោគសញ្ញាព្រមានទូទៅបំផុតមួយចំនួន ដែលនឹងលេចឡើង ចំពោះរាងកាយ នៅពេលបេះដូងដំណើរការមិនប្រក្រតី
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីសញ្ញាព្រមានទូទៅបំផុតមួយចំនួនដែលលេចឡើងចំពោះរាងកាយ ប្រសិនបើបេះដូងដំណើរការមិនប្រក្រតី ៖
១. ការឈឺចាប់រាលដាលទៅដៃ ៖ បុរសជាច្រើនជួបប្រទះនូវអាការៈឈឺចាប់ត្រង់ដៃខាងឆ្វេង ខណៈដែលស្ត្រីក៏មានការឈឺចាប់ដូចគ្នាត្រង់ដៃម្ខាង ឬទាំងសងខាង។ ស្ត្រីមួយចំនួនបាននិយាយថា ពួកគេធ្លាប់ជួបប្រទះនូវអាការៈឈឺចាប់បែបមិនប្រក្រតីត្រង់កែងដៃ នៅមុនពេលកើតមានបញ្ហាគាំងបេះដូង។ រោគសញ្ញានេះកើតឡើងដោយសារតែការឈឺចាប់ពីបេះដូងរាលដាល ឬធ្វើដំណើរទៅកាន់ខួរឆ្អឹងខ្នងដែលសរសៃប្រសាទជាច្រើននៃរាងកាយផ្សារភ្ជាប់គ្នា ហើយខួរក្បាលរបស់អ្នកមានការយល់ច្រឡំដោយគិតថាដៃរបស់អ្នកទទួលរងការឈឺចាប់ទាំងដែលមិនមែន។

២. ការក្អកមិនឈប់ ៖ ការក្អកអាចកើតចេញពីបញ្ហាផ្សេងៗ ហើយវាក៏អាចជាសញ្ញាមួយនៃជំងឺសរសៃឈាមបេះដូងផងដែរ។ ការក្អកជាប់រហូតដែលផលិតចេញនូវជាតិរាវពណ៌ផ្កាឈូកដែលមានផ្ទុកឈាម គឺជាបញ្ហាធម្មតាបំផុតមួយដែលបណ្តាលអោយកើតមានជំងឺខ្សោយបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ការក្អក គឺជារោគសញ្ញាបន្ទាប់បន្សំមួយនៃរោគសញ្ញាធ្ងន់ធ្ងរជាច្រើនដូចជា ពិបាកក្នុងការដកដង្ហើម (dyspnea) និង ការបាត់បង់ដង្ហើមភ្លាមៗមួយរំពេច។

៣. ហើមជើង កជើង និងប្រអប់ជើង ៖ នៅពេលដែលបេះដូងរបស់អ្នកដំណើរការមិនប្រក្រតីនោះសារធាតុរាវចេញពីសរសៃឈាមនឹងហៀរហូរចូលទៅក្នុងជាលិការជុំវិញ ខណៈនោះជើង និងប្រអប់ជើងរបស់អ្នក គឺជាកន្លែងដែលងាយរងគ្រោះជាងគេដោយសារតែទំនាញ។ បញ្ហានេះត្រូវបានគេហៅថា ការហើមផ្នែកខាងចុង (peripheral edema) ហើយមនុស្សជាច្រើនដែលជួបប្រទះអាការៈនេះ គឺមិនបានកើតមានជំងឺបេះដូងឡើយ។ ប៉ុន្តែទោះជាយ៉ាងណា វានៅតែជារោគសញ្ញាទូទៅបំផុតមួយដែលកើតមានចំពោះអ្នកដែលកើតមានជំងឺបេះដូង ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងនោះទេ។

៤. បាត់បង់ចំណង់អាហារ និងមានអារម្មណ៍ចង្អោរចង់ក្អួត ៖ អ្នកជំងឺជាច្រើនដែលទទួលរងបញ្ហានៃជំងឺបេះដូង គឺតែងកើតមានអាការៈបាត់បង់ចំណង់អាហារ និងចង្អោរចង់ក្អួត ទោះបីជាពួកគេទើបតែទទួលទានអាហារបានតែបន្តិចក៏ដោយ។ ប្រសិនបើរោគសញ្ញានេះអមមកជាមួយនូវអាការៈឈឺចាប់ក្នុងពោះ នោះអ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។

៥. កម្រិតនៃការថប់បារម្ភកើតឡើងខ្ពស់ខុសធម្មតា ៖ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យដឹងថា អ្នកដែលទទួលរង ឬជួបប្រទះនូវអាការៈថប់បារម្ភខ្លាំងភ្លាមៗក្នុងជីវិត គឺងាយនឹងកើតមានជំងឺបេះដូង។ ការថប់បារម្ភអាចបណ្តាលមកពីរបៀបរស់នៅដែលពោរពេញទៅដោយភាពតានតឹង ឬបញ្ហាផ្សេងៗទៀតរួមទាំងជំងឺភ័យស្លន់ស្លោ និងបញ្ហានៃការគ្រប់គ្រងអារម្មណ៍ផងដែរ។ ឥទ្ធិពល ឬផលប៉ះពាល់មួយចំនួននៃការថប់បារម្ភទៅលើបេះដូងមានដូចជា tachycardia (ចង្វាក់បេះដូងលោតញាប់ខុសធម្មតា) សម្ពាធឈាមកើនឡើងខ្ពស់ និងការថយចុះនៃចង្វាក់បេះដូង។

៦. បាត់បង់ស្មារតី ឬសន្លប់ ៖ ការមានអារម្មណីធីងធោង វិលមុខ ហើយសន្លប់បាត់ស្មារតី គឺរោគសញ្ញាទូទៅបំផុតដែលកើតមានចំពោះអ្នកជំងឺបេះដូង។ នៅពេលបេះដូងដំណើរការខុសប្រក្រតីនោះវានឹងបណ្ដាលឲ្យមានការរាំងស្ទះឈាមហូរទៅកាន់សសៃអាកទែ ឬធ្វើឲ្យសសៃឈាមក្រហមនេះប្រែជារួមតូច។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ ឬជួបប្រទះនូវបញ្ហា ពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លីៗ ហើយអ្នកស្រាប់តែដួលសន្លប់ក្នុងរយៈពេលខ្លី ចូរធ្វើការទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។

៧. ស្បែកប្រែជាស្លាំង ឬកើតមានស្នាមជាំខៀវ ៖ វាមិនមែនជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺបេះដូងឡើយ ប៉ុន្តែនៅពេលដែលវាលេចឡើង វាបណ្តាលមកពីការថយចុះនៃលំហូរឈាម ក៏ដូចជាចំនួននៃកោសិកាឈាមក្រហម ហើយអាចជាសញ្ញាមួយដែលបង្ហាញឲ្យដឹងថា ដំណើរការនៃបេះដូងរបស់អ្នក គឺមិនប្រក្រតី។ ការទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យ គឺជារឿងសំខាន់ ក៏ព្រោះពេលខ្លះបញ្ហានេះអាចជាអាការៈនៃជំងឺខ្វះគ្រាប់ឈាមក្រហម។

៨. ឡើងរោលកន្ទួលក្រហម ឬស្នាមអ៊ុចៗមិនប្រក្រតីលើស្បែក ៖ ជំងឺសើស្បែកត្រអក និងជំងឺរើម គឺជាកត្តាហានិភ័យខ្ពស់នៃជំងឺបេះដូង។ អ្នកដែលមានជំងឺត្រអកត្រូវបានគេរកឃើញថាអាចទទួលរងនូវបញ្ហាសម្ពាធឈាមឡើងខ្ពស់ដល់ទៅ ៤៨ ភាគរយ និង ២៩ ភាគរយចំពោះបញ្ហាកូឡេស្តេរ៉ុលខ្ពស់។ រីឯអ្នកដែលមានជំងឺរើម គឺងាយនឹងរងគ្រោះដោយសារបញ្ហាបេះដូងដល់ទៅ៥៩ ភាគរយច្រើនជាងអ្នកដែលមិនមានជំងឺ នេះបើយោងតាមការសិក្សាស្រាវជ្រាវ ២ ដាច់ដោយឡែកពីគ្នាដែលធ្វើឡើងដោយ The Journal of Allergy and Clinical Immunology និង Journal of the American College of Cardiology៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside