ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២១ខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ពេលនេះដំណើរការសាងសង់បានជាង៧០ភាគរយហើយ បើទោះបីពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ធ្វើឱ្យពិបាកដឹកសម្ភារៈខ្លះៗក្តី។

ឯកឧត្តមបានបញ្ជាក់ថា «នៅតាមគម្រោងគឺចប់ឆ្នាំ២០២០ តែដោយការដឹកជញ្ជូនមានការរអាក់រអួល អ៊ីចឹងឥលូវនេះយើងឃើញថា អាចបញ្ចប់នៅខែមេសា ឆ្នាំ២០២១ ដោយនៅសេសសល់មួយចំនួនដែលយើងត្រូវបំពាក់ និងត្រូវតុបតែង ដែលយើងអាចវាយតម្លៃចូលដល់ ៧០ ទៅ ៨០ភាគរយហើយដែលបានសម្រេច »។ ឯកឧត្តមបន្តថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ។
ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម, សាលបាល់បោះ, សាលបាល់ទះ, សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។ សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សាងសង់នៅលើផ្ទៃដីជាង៨៥ហិកតា ហើយបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ៕



ប្រភព៖ ក្រសួងព័ត៌មាន