គម្រោងរថភ្លើងអាកាស SKY Train តម្លៃ៨០០លានដុល្លារ នឹងចាប់ផ្តើមសាងសង់ឆាប់ខាងមុខនេះក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ ថ្លែងនាព្រឹកថ្ងៃទី៥ ខែមិថុនា ម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះគម្រោងសាងសង់ស្ពានអាកាស និងរថភ្លើង នឹងត្រូវអនុវត្ត ខណៈការសិក្សាលំអិតពីការសាងសង់គម្រោងនេះបានធ្វើឡើងរួចរាល់ហើយ ដោយគ្រោងនឹងធ្វើការសាងសង់នៅក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។ ជាជំហានដំបូងគម្រោងសាងសង់រថភ្លើងលើអាកាសមានទីតាំងស្ថិតនៅចំណុចជិតផ្សារធំថ្មី ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រវែង១៨គីឡូម៉ែត្រ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA ដែលត្រូវចំណាយថវិការប្រមាណ៨០០លានដុល្លារឯណោះ។
ឯកឧត្តមបានបន្តថា ការសាងសង់ផ្លូរថភ្លើងអាកាសនេះនឹងធ្វើឡើងជា២ដំណាក់កាល ដែលបែងចែកនៅលើអាកាសប្រវែង១៤គីឡូម៉ែត្រ និងនៅក្រោមដីប្រវែង៤គីឡូម៉ែត្រពីស្ថានីយចំណត ដែលស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ឯកឧត្តមបានឲ្យដឹងទៀតថា ហេតុផល ដែលជ្រើសយកទីតាំងខាងលើនេះ “ក៏ព្រោះជារៀងរាល់ថ្ងៃ មហាវិថីសហព័ន្ធរុស្ស៊ី មានភាពកកស្ទះច្រើនជាងគេ ជាពិសេសជាមហាវិថីសំខាន់បំផុតក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញទៅតាមបណ្តាខេត្តនានា ដូចជាមានភាពមមាញឹកសម្រាប់អ្នក ដែលធ្វើដំណើរចាកចេញទៅក្រៅប្រទេសតាមរយៈការហោះហើរផងដែរ”។
គម្រោងការសាងសង់ខ្សែផ្លូវរថភ្លើងអាកាសត្រូវបានសិក្សាតាំងពីអំឡុងឆ្នាំ២០១៤ ទៅលើផ្លូវចំនួន៣ខ្សែ ដោយខ្សែទី១ ចាប់ផ្តើមពីមហាវិថីកម្ពុជាក្រោម, មហាវិថីព្រះមុនីវង្ស, មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខ្សែទី៣ ចាប់ផ្តើមពីផ្សារធំថ្មី, មហាវិថីហ្សាលដឺហ្គោល, មហាវិថីព្រះមុនីរ៉េត, ផ្លូវវេងស្រេង ឆ្ពោះមករង្វង់មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ៕

អត្ថបទ៖ សេម