គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបបើកបរដោយជនជាតិចិន ជាមួយបុរសខ្មែរជិះម៉ូតូឌុបគ្នា៣នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់០២នាក់ ឯជនជាតិចិនរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិននិងខ្មែរពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើប ALPHARD ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នាបីនាក់ នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗ និងបុរសពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៥០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវR8 កែងផ្លូវR11 (ដីបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ(ស្លាប់)មានឈ្នោះ ព្រឿម សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើតនៅភូមិពោធី២ សង្កាត់គា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនចំនួនពីរនាក់រួមដំណើរជាមួយបុរសជនជាតិខ្មែរម្នាក់ទៀតបើកនិងជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-9188 ធ្វើដំណើរតាមបណ្តោយផ្លូវR11 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវបែកជាបួន បានជួបគ្រោះថ្នាក់ជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿង ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AL-1753 ជិះដោយបុរស៣នាក់ កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវR8 យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងថ្នល់ស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តជនជាតិចិនបានព្យាយាមបើករត់រាប់សិបម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាឃាត់បានមកវិញ និងឃាត់ខ្លួនជនជាតិខ្មែរ អ្នករួមដំណើរម្នាក់ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ ចំណែកជនជាតិចិន២នាក់ទៀតបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បងម៉េង ខ្មែរណូត