ខ្លោចចិត្ត! ស្ត្រីខ្មែរម្នាក់ត្រូវគំនរភួយរលំសង្កត់ស្លាប់ នៅផ្សាររុងក្លឿ ឯប្តីបានត្រឹមថើបលាប្រពន្ធជាលើកចុងក្រោយ
ប៉ោយប៉ែត៖ ស្ត្រីជាអាជីវករខ្មែរលក់ដូរផ្សាររុងក្លឿ ប្រទេសថៃ បានស្លាប់បាត់បង់ជីវិត ដោយសារគំនរភួយរលំសង្កត់លើ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ស្ត្រីរងគ្រោះមានឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ភួយជជុះ រស់នៅក្រុងប៉ោយប៉ែត ស្នាក់នៅប្រទេសថៃដើម្បីប្រកបរបរលក់ដូរទំនិញ។

តាមការបញ្ជាក់ពីប្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុប្តីរបស់ជនរងគ្រោះបានបើករថយន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលទៅក្នុងផ្សារថៃ រុងក្លឿ ដើម្បីមកមើលទំនិញ និងមកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។ ពេលមកដល់តូបលក់ដូរ បុរសជាប្តីក៏បានស្រែកហៅប្រពន្ធ តែមិនមានអ្នកតប ហើយក៏បានតេទូរស័ព្ទទៅប្រពន្ធទៀត តែគ្មានអ្នកលើក ទើបមានការសង្ស័យក៏បានស្រែកឲ្យអ្នកជិតខាងជួយគាត់ទ្វារ លុះគាស់ទ្វារចូលបានហើយក៏ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយសង្កត់ពីលើ បណ្តាលឲ្យសន្លប់មិនដឹងខ្លួន។
ក្រោយមកត្រូវបានកម្លាំងសន្តិសុខផ្សាយរាយការណ៍ទៅសមត្ថកិច្ចថៃ និងហៅរថយន្តសង្គ្រោះសុខាភិបាលថៃមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យថៃ ប៉ុន្តែជាអកុសលស្ត្រីជនរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិត ខណៈពេលដឹកទៅដល់មន្ទីរពេទ្យស្រុកអារញ្ញ។ សពជនរងគ្រោះក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួចរាល់ ហើយត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

