ឃាត់ខ្លួនបុគ្គលិក៤នាក់របស់ក្រុមហ៊ុនអចលនទ្រព្យមួយ អនុវត្តបញ្ច្រាសការណែនាំសម្តេចតេជោ ហ៊ុន សែន ហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងដំណាក់កាលកូវីដ១៩
ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុន អចលនទ្រព្យ អិលអូឌីLOD បានអនុវត្តបញ្ច្រាសទិសនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុន អចលនទ្រព្យ ទូទាំងប្រទេស មេត្តាយោគយល់និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាតក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។

តែផ្ទុយទៅវិញក្រុមហ៊ុនអចលនទ្រព្យ អិលអូឌីLOD បានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុលមិនមានការអនុញ្ញាតពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបានបង់ការប្រាក់រយៈពេល៣ខែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ដ៏សាហាវគ្មានមេត្តាធម៌ របស់បុគ្គលិកក្រុមហ៊ុន អិលអូឌីLOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណៈហិង្សា ក៏បានរាយការណ៍មកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានលេចប្រភពព័ត៌មានថា មូលហេតុដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហិង្សាក្នុងការរឹបអូសទ្រព្យកូនបំណុលក្នុងដំណាក់កាលកូវីដ១៩។

ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានព័ត៌មាន បានបញ្ជាឲ្យកម្លាំងកងរាជ អាវុធហត្ថ ស្រុកជលគីរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ អិលអូឌី ដែលមានឈ្មោះដូចខាងក្រោម៖
១. វ៉ែន រិត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២. ញ៉េស សារីន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៣. អៀន វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិននៀមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៤. ហេង គង្គារ អាយុ ២៨ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែកវត្ដុតាងសមត្ថកិច្ចដកហូតរួមមាន៖
– ម៉ូតូចំនួន០២ គ្រឿង
– ទូរសព្ទដៃចំនួន០៤ គ្រឿង
– ច្រវ៉ាក់ចំនួន ០២ ខ្សែ
– ពូថៅចំនួន ០១
– កូនសោរចំនួន ០ ២
– ដែកទីបប្រវែង ១.៦ សង់ទីម៉ែ ។
ជនសង្ស័យ ទាំង៤នាក់ ត្រូវបានឃាត់ខ្លួនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ដោយចេតនាត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត