ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្តែងៗ! រថយន្ត Lexus RX300 បោះពួយលឿនដូចហោះ រេចង្កូតបុកបង្គោលខ្សែភ្លើង ហើយបន្តទៅបុកផ្ទប់រថយន្ត២គ្រឿង រុញចូលផ្ទះប្រជាពលរដ្ឋ រួចរថយន្តបង្កខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត

    BY Khmernote Media October 1, 2020
    ស្តែងៗ! រថយន្ត Lexus RX300 បោះពួយលឿនដូចហោះ រេចង្កូតបុកបង្គោលខ្សែភ្លើង ហើយបន្តទៅបុកផ្ទប់រថយន្ត២គ្រឿង រុញចូលផ្ទះប្រជាពលរដ្ឋ រួចរថយន្តបង្កខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! មនុស្សរបួសធ្ងន់២នាក់ ក្នុងឧបទ្ទវហេតុ រថយន្ត LEXUS RX300 បោះពួយក្នុងល្បឿន រេចង្កូតទៅបុកបង្គោលខ្សែភ្លើង និងបង្គោលស្លាកប៉ាណូហាងគុយទាវ បាក់ទាំងពីរដើម ហើយបន្តទៅបុកផ្ទប់រថយន្តពីរគ្រឿងទៀត រុញទៅបុកចូលផ្ទះលក់ភេសជ្ជៈបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កក៏ខ្ទាតទៅប៉ះម៉ូតូ Moov មួយគ្រឿងទៀត ហេតុការណ៍ដ៏សាហាវដូចក្នុងរឿងនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចមុខផ្ទះលេខ១៣៧៩ ជាផ្ទះលក់ភេសជ្ជៈយីហោ “វត្តី លក់ភេសជ្ជៈគ្រប់មុខ” ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមសម្ដីបងស្រីម្នាក់ជាសាច់ញាតិជនរងគ្រោះបានប្រាប់អោយក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់បានហូបអាហារជុំគ្នា នៅមុខផ្ទះលក់ភេសជ្ជៈកើតហេតុ ចន្លោះរថយន្តពីរគ្រឿង ដែលចតលើចិញ្ចើមផ្លូវ ដោយមួយគ្រឿងម៉ាក TOYOTA CAMRY ស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3847 ដែលចតនៅមុខផ្ទះកើតខាងឆ្វេងក្បាលទៅលិច ចំណែកឯរថយន្តមួគ្រឿងទៀត ម៉ាក TOYOTA CAMRY ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-6120 ចតក្បាលទៅលិចដែរ អែបខាងត្បូងបង្គោលខ្សែភ្លើងខាងលើ លុះពេលហូបចប់បងប្អូនខ្លះក៏បានត្រលប់ទៅផ្ទះវិញរៀងខ្លួន និងជនរងគ្រោះបានជួយរៀបចំនៅមុខផ្ទះកើតហេតុ ។

    ប្រភពបន្តថា ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-9487 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន រេចង្កូតទៅបុកបង្គោលខ្សែភ្លើង និងបង្គោលស្លាកប៉ាណូហាងគុយទាវ “ចាំង អ៊ាមសេង” បាក់ត្រឹមគល់ទាំងពីរដើម និងដាច់ខ្សែភ្លើងខ្សែអុបទិកផ្សេងៗរាយប៉ាយដី និងបណ្ដាលឲ្យបុរសម្នាក់រងរបួស ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តទៅបុកផ្ទប់រថយន្ត CAMRY ដែលចតនៅចំណុចខាងលើនោះទាំងពីរគ្រឿងទៀត និងរុញទៅបុកទ្វារធ្លុះទ្វារផ្ទះលក់ភេសជ្ជៈបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កក៏ខ្ទាតចេញទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Moov ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1CZ-9309 ដួលអូសនឹងថ្នល់ជិត១០ម៉ែត្រ បណ្ដាលឲ្យអ្នកបលកបរម៉ូតូរងរបួសធ្ងន់ ក្នុងហេតុការណ៍ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កឃើញសភាពមិនស្រួល បានបើកទ្វារចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ។ ទើបបង្កការភ្ញាក់ផ្អើលឡើងដល់ម្ចាស់ផ្ទះកើតហេតុ និងអ្នករស់នៅក្បែរកន្លែងកើតហេតុ ចេញមកព្រោងព្រាតរកមើលតៃកុងរថយន្តដែរ តែរកមិនឃើញ ទើបដឹងថារត់គេចខ្លួនបាត់ទៅហើយ ។

    ចំណែកជនរងគ្រោះទាំងពីរនាក់ ម្នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅគ្លីនិកឯកជនដែលនៅក្បែរកន្លែងកើតហេតុ ដើម្បីសង្គ្រោះភ្លាមៗផងដែរ និងម្នាក់ទៀត ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយអន្តរាគមន៍ និងទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន ពន្លឺ មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានធ្វើកំណត់ហេតុ និងប្រគល់អោយជំនាញចុះមកវាស់វែងយករថយន្តទាំងបីគ្រឿង និងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: