ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ពង្រឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន និងកាត់បន្ថយការបញ្ចេញកាបូន

    BY Khmernote Media October 1, 2020
    ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ពង្រឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន និងកាត់បន្ថយការបញ្ចេញកាបូន

    ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ ផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ថ្មីៗនេះ បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះអនាគតនៃពិភពបៃតងប្រកបដោយនិរន្តរភាពជាថ្មីម្តងទៀតជាមួយនឹងគំនិតផ្តួចផ្តើមនៃការកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។ ការដាំកូនឈើចំនួន ៥០០ដើម ក្នុងខេត្តកែប ដែលជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតងរបស់ក្រុមហ៊ុន អ៊ីដតខូ គ្រុប ត្រូវបានធ្វើឡើងដើម្បីពង្រឹងគោលដៅរបស់ក្រុមហ៊ុនមួយនេះបន្ថែមទៀត ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។

    គំនិតផ្តួចផ្តើមនេះធ្វើឡើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានដាក់ចេញក្នុងគោលបំណងធ្វើឱ្យអនាគតកាន់តែល្អប្រសើរ និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិទាំងអស់ក្នុងសកលលោក។ កម្មវិធីដាំកូនឈើក្នុងខេត្តកែបនេះ មានអ្នកចូលរួមចំនួន ២២០នាក់ ក្នុងនោះក៏មានការចូលរួមពីលោក ភូ លិ អភិបាលរងខេត្តកែប លោកស្រី ទិត សុខាអភិបាលក្រុងកែប បុគ្គលិកក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា តំណាងក្រុមប្រឹក្សាខេត្ត សមាជិកសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ទៀត។

    លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ឲ្យដឹងថា «និរន្តរភាព គឺមិនត្រឹមតែជាទំនួលខុសត្រូវក្នុងសង្គមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ វាក៏ជាកម្លាំងចលករមួយដ៏ប្រសើរ និងសំខាន់មិនអាចខ្វះបានសម្រាប់អាជីវកម្មផងដែរ ព្រោះវាបានចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងជាទូទៅរបស់អង្គភាពមួយ។ ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ នៃការបំភាយឧស្ម័នកាបូននាពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន អ៊ីដតខូ រួមជាមួយនឹងការអនុវត្តវិស្វកម្មបៃតងរបស់ក្រុមហ៊ុននេះអាចធានាបាននូវភាពរីកចម្រើនក្នុងការធ្វើអាជីវកម្ម និងដំណោះស្រាយក្នុងសម័យទំនើបដោយមិនបានធ្វើឲ្យប៉ះពាល់ដល់ បរិស្ថានឡើយ។ ស្របពេលដែលយើងបន្តចូលរួមចំណែកក្នុងការបង្កើតភាពវិជ្ជមានចំពោះបរិស្ថាន យើងក៏មានបំណងកំណត់គោលដៅសម្រាប់ការធ្វើប្រតិបត្តិការវិស្វកម្មបៃតងនៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នេះផងដែរ»។

    ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះវិស្វកម្មបៃតង ក្រុមហ៊ុន អ៊ីដតខូ បានដាក់ចេញនូវវិធានការផ្សេងៗគ្នា និងដាក់ពង្រាយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងប្រសិទ្ធភាពដើម្បីកាត់បន្ថយការបំភាយកាបូន។ វិធីសាស្រ្តទាំងនោះរួមមាន៖ ការកាត់បន្ថយការប្រើប្រាស់ដែកសម្រាប់ផលិតបង្កោលអង់តែន និងការប្រើប្រាស់វត្ថុធាតុដើមមកជំនួសដែកដោយប្រើប្រាស់ carbon fiber ឫស្សី រួមនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីផ្តល់ថាមពលដល់ទីតាំងនានាជាដើម។

    លោក ភូ លិ អភិបាលរងខេត្តកែប បានមានប្រសាសន៍ថា «បរិស្ថានពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតនៅលើភពផែនដីយើង។ សម្រាប់មនុស្សជាតិ យើងអាចនិយាយឃ្លាមួយថា “សួតរបស់យើងមួយចំហៀង គឺផ្ញើនៅលើដើមឈើ”។ ដូច្នេះ យើងត្រូវតែរួមគ្នាថែរក្សាបរិស្ថាន ហើយនាថ្ងៃអនាគតនឹងរក្សានិរន្តរភាពព្រៃឈើដែលគ្របដណ្តប់ទៅដោយបរិស្ថានល្អ ធ្វើឱ្យយើងមានសុខភាពល្អ ក៏ដូចជាមានធនធានប្រកបទៅដោយសក្តានុពលនៅក្នុងសហគមន៍របស់យើង ដោយហេតុថា ប្រជាពលរដ្ឋរបស់យើងបានយល់ដឹងពីសារសំខាន់នៃបរិស្ថាន ហើយបានរួមគ្នាដាំកូនឈើជាបន្តបន្ទាប់ ទោះបីជាកូនឈើហូបផ្លែនៅជុំវិញផ្ទះរបស់ពួកគាត់ក៏ដោយ។ ការដាំកូនឈើនាពេលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យដើម្បីបង្កើនគុណភាពនៃបរិស្ថានក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងសហគមន៍យើងទាំងមូល»។

    នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការដាំដើមឈើរួមគ្នាមួយនេះ ដែលនាំឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ជះឥទ្ធិពលលើការសម្រេចចិត្ត និងជំរុញឱ្យមានឥទ្ធិពលវិជ្ជមាននៅទូទាំងតំបន់ប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុន អ៊ីដតខូ បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយដ៏ចាំបាច់ប្រកបដោយភាពច្នៃប្រឌិត មិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំចៃដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធទូរគមនាគមន៍ (ecosystem) ក្នុងគោលបំណងឲ្យក្រុមហ៊ុនអាជីវកម្មទាំងឡាយអាចចាប់យកឱកាសដើម្បីកំណើនថ្មីៗបន្ថែមទៀត តាមរយៈការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវផ្នែកបរិស្ថានប្រកបដោយចីរភាពរបស់អ៊ីដតខូ៕

    ——

    អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)

    ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនចំនួន ៣៧០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕

    អំពីក្រុមហ៊ុន edotco Group

    ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

    ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣១ ៨២០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ ដោយក្នុងនោះបង្គោលអង់តែនជាង ២០ ៣០០ ដំណើរការផ្ទាល់ដោយក្រុមហ៊ុន អ៊ីដតខូ និងជាង ១១ ៥២០ ផ្សេងទៀត ក្រុមហ៊ុន ផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

    ក្រុមហ៊ុន edotco Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៨ ពីស្ថាប័ន Frost & Sullivan (the Frost & Sullivan 2018 Southeast Asia Telecoms Tower Company)។ ការទទួលបានរង្វាន់នេះ ជាសក្ខីភាពបញ្ជាក់ពីភាពលូតលាស់របស់ក្រុមហ៊ុន edotco Group ក្នុងតំបន់អាស៊ីអាគ្នេយ៍។

    Share This Post: