ជនសង្ស័យភេទទី៣ លួចទូរស័ព្ទគេបានប្រុងយកទៅដាក់បញ្ចាំ តែស៊យធំទូរស័ព្ទមានភ្ជាប់ប្រព័ន្ធ GPS ទើបម្ចាស់ទូរស័ព្ទតាមដានដឹង ហៅប៉ូលិសមកឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាភេទទីបីចំនួន២នាក់ ត្រូវបានជនរងគ្រោះចាប់ជាប់ រួចប្ដឹងសមត្ថកិច្ច ខណៈជនសង្ស័យទាំង២ យកទូរស័ព្ទទៅដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង ផ្លូវលេខ ១៥៤កែងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង១និង២០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ។

ជនសង្ស័យទាំង២ និងជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកងកងជនសង្ស័យទាំងពីរនាក់ បានធ្វេីសកម្មភាពបេីក ទ្វាររថយន្តជនរងគ្រោះ លួចយកកាបូបមួយ ក្នុងនោះមានលុយមួយចំនួននិងទូរស័ព្ទពីរគ្រឿង ( ម៉ាក១១ប្រូ និងម៉ាកអាយហ្វូនអុិចម៉េក ) ។
ប្រភពបន្តថា ដោយសារទូរស័ព្ទទាំង២គ្រឿង របស់ជនរងគ្រោះ មានភ្ជាប់ប្រព័ន្ធGPS ទេីបម្ចាស់ទូរស័ព្ទតាមដានដឹង ខណៈជនសង្ស័យ យកមកដាក់បញ្ចាំ នៅហាងបញ្ចាំ ក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេីម្បីសាកសួរចាត់ការតាមនីតិវិធី ៕

ដោយ៖ បងម៉េង ខ្មែរណូត