ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវមែន! ដោយសារភ្លើងប្រច័ណ្ឌ សង្ស័យមានប្រុសថ្មី ខាងប្រុសប្រហារជីវិតខាងស្រី ហើយជិះម៉ូតូទៅប៉ុស្តិ៍នគរបាលសារភាពទោសកំហុសរបស់ខ្លួនប្រាប់ប៉ូលិសតែម្តង

    BY Khmernote Media October 2, 2020
    សាហាវមែន! ដោយសារភ្លើងប្រច័ណ្ឌ សង្ស័យមានប្រុសថ្មី ខាងប្រុសប្រហារជីវិតខាងស្រី ហើយជិះម៉ូតូទៅប៉ុស្តិ៍នគរបាលសារភាពទោសកំហុសរបស់ខ្លួនប្រាប់ប៉ូលិសតែម្តង

    ខេត្តកណ្តាល៖ ដោយសារភ្លើងប្រច័ណ្ឌស្នេហាត្រីកោណ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ដែលមានប្រពន្ធកូនហើយ បានមកសែនរួមរស់នៅជាមួយគ្នា ហើយកើតចិត្តប្រច័ណ្ឌ ក៏ឈានដល់ការសម្រេចចិត្ត យកកូនកាំបិតចាក់ចំនួន៣កាំបិតសម្លាប់ចោល បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅលើថ្នល់ កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅផ្លូវបេតុងលេខ២១៥ (ជាប់មន្ទីរបក្ស) ទល់មុខច្រកចូលវត្តព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនរងគ្រោះមានឈ្មោះ កៅ ស្រីកែវ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ ជនសង្ស័យមានឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ ។

    វត្ថុតាងចាប់យកមាន កូនកាំបិត ចុងស្រួចដងជ័រ ពណ៌លឿង ចំនួន០១ ប្រវែង២១ស.ម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ១២៥(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល 1W-8667 មួកសុវត្ថិភាព ពណ៌ស (ប្រឡាក់ឈាម) ចំនួន០១ ។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតពីសភាពនៃរឿងហេតុថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទំនាក់ទំនងស្រឡាញ់ គ្នាអស់រយ:ពេលប្រហែល៨ខែមកហើយ ដោយបានរៀបចំ សែនព្រេនចាស់ទុំ បងប្អូនខាងស្រី(ជនរងគ្រោះ)ដឹងឮផងដែរ។

    ក្រោយមកអ្នកទាំងពីរបានមកជួលបន្ទប់ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយជនសង្ស័យខាងប្រុសមានប្រពន្ធកូនរួចហើយ នៅឯភូមិជើងព្រៃ ហើយក្នុងការស្នាក់នៅជាមួយគ្នា ជនសង្ស័យមានការប្រច័ណ្ឌ ជនរងគ្រោះ ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត។

    លុះដល់ថ្ងៃកើតហេតុខាងលើ ពេលភាគីខាងប្រុសមកដេកនៅបន្ទប់ជួលភាគី ខាងស្រីចេះតែដេញឲ្យទៅផ្ទះខុសប្លែកពីសព្វដង ធ្វើឲ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡើងៗ ទើបមិនព្រមទៅផ្ទះនៅភូមិជើងព្រៃទេនៅចាំឃ្លាំមើល បន្ទាប់មកជនរងគ្រោះបានប្រាប់ឲ្យជនសង្ស័យឌុបទៅសួរសុខទុក្ខ អ្នកនៅបន្ទប់ជួលជិតគ្នាដែលឆ្លងទន្លេនៅគ្លីនីក និងសម្ភព ផល្លី ។ លុះពេលមកដល់ពេទ្យ ជនរងគ្រោះបានដេញជនសង្ស័យឲ្យទៅផ្ទះទៀត តែជនសង្ស័យទៅហើយ មិនអស់ចិត្តក៏នៅចាំតាមឃ្លាំមើលនៅជិតនោះដដែល ។

    អធិការក្រុងតាខ្មៅថ្លែងប្រាប់ខ្មែរណូតបន្តថា មួយសន្ទុះក្រោយ មកស្រាប់តែឃើញ ជនរងគ្រោះដើរចេញពីគ្លីនិកបណ្តើរនិយាយទូរស័ព្ទបណ្តើរ រួចឡើងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកើតហេតុ ទើបជនសង្ស័យជិះម៉ូតូតាមដានពីក្រោយរហូតដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះចូលទៅក្នុងផ្ទះឈើ មួយមានមនុស្សប្រុសពីរ-បីនាក់ កំពុងផឹកស៊ីនៅក្រោមសំយ៉ាបមុខផ្ទះ ពេលនោះជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគេដែរ ឃើញដូច្នេះជនសង្ស័យបានចូលទៅហៅជនរងគ្រោះឲ្យចេញទៅផ្ទះវិញ តែជនរងគ្រោះមិនព្រមចេញ ទើបធ្វើឲ្យជនសង្ស័យខឹងកាន់តែខ្លាំងឡើង ហើយជនសង្ស័យឃើញកូនកាំបិតនៅលើតុ ក៏បានយកដាក់ចូលហោប៉ៅខោហើយនាំជនរងគ្រោះចេញមកក្រៅឲ្យឡើងជិះម៉ូតូជាមួយតែជនរងគ្រោះមិនព្រមជិះទេ ដោយសុខចិត្តដើរ ចំណែកឯជនសង្ស័យក៏បានជិះតាមពីក្រោយ រហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការប្រទាញប្រទង់គ្នាជនសង្ស័យក៏យកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ ១កាំបិត ចំលើដងកាំបិតខាងស្តាំ បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខទៅលើថ្នល់ ភ្លាមនោះជនសង្ស័យបានចាក់បន្ថែម ចំនួន២កាំបិតទៀត ចំខ្នងនិងកញ្ចឹងក រួចហើយជនសង្ស័យបានគប់កាំបិតដែលខ្លួនបានធ្វើសកម្មភាពរួចនោះចោលទៅជាប់ធាងចេក ក្បែររបងដីឡូត៍មួយកន្លែងក្បែរកន្លែងកើតហេតុ ហើយឡើងជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ចនូវទោសកំហុសរបស់ខ្លួន ។

    បន្ទាប់មកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ បានចុះទៅហ៊ុមព័ទ្ធហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ កោសល្យវិច័យ រួចធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post: