ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោកជុំទាវ មេឡានៀ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY Khmernote Media October 2, 2020
    មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោកជុំទាវ មេឡានៀ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    យោងតាមសារព័ត៌មាន Channel News Asia នារសៀ់លថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បានចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ មេឡានៀ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីទទួលដំណឹងថា ជំនួយការរបស់លោកប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានតេស្ដវិជ្ជមានជាមួយជំងឺ ហើយអ្នកទាំង ២ បាននៅដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្ដនេះ។

    លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«យប់នេះ ភរិយាខ្ញុំ និងខ្ញុំបានតេស្តវិជ្ជមានសម្រាប់ ជំងឺ COVID-19 ។ យើងនឹងចាប់ផ្តើមធ្វើការនៅដាច់ដោយឡែកពីគ្នា និងការព្យាបាលភ្លាមៗ។ យើងនឹងឆ្លងកាត់វាទាំងអស់គ្នា!»។ រំលឹកដែរថាកាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់ថា លោកនិងភរិយាកំពុងធ្វើចត្តាឡីស័ក ក្រោយបានដឹងថាជំនួយការកំពូលរបស់លោកគឺអ្នកស្រី Hope Hicks បានឆ្លងជំងឺកូវីដ១៩។

    គ្រូពេទ្យរបស់ប្រធានាធិបតីគឺលោក Sean Conley បានចេញកំណត់ហេតុមួយទៅកាន់អ្នកសារព័ត៌មាន ដែលក្នុងនោះលោកបានទទួលការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមាននៅល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងអាមេរិក)។ លោកវេជ្ជបណ្ឌិត Conley បានសរសេរថា៖«ប្រធានាធិបតី និងជំទាវទី ១ គឺមានសុខភាពល្អនៅពេលនេះ ហើយពួកគេគ្រោងនឹងស្នាក់នៅក្នុងសេតវិមានក្នុងអំឡុងពេលនៃការព្យាបាលនេះ»។

    លោកបានបន្ថែមថា៖«ក្រុមគ្រូពេទ្យនៅសេតវិមាន ហើយខ្ញុំនឹងរក្សាការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយខ្ញុំសូមកោតសរសើរចំពោះការគាំទ្រដែលបានផ្តល់ដោយអ្នកជំនាញ និងស្ថាប័នវេជ្ជសាស្ត្រដ៏អស្ចារ្យបំផុតនៅប្រទេសរបស់យើង»។ លោកក៏បាននិយាយផងដែរថា លោករំពឹងថាលោក ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោកក្នុងនាមជាប្រធានាធិបតីដោយគ្មានការរំខាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: