ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់បដិសេធបទឈប់បាញ់ ខណៈលោក ដូណាល់ ត្រាំ គំរាមបំផ្លាញអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់

    BY Pheakdey April 7, 2026
    អ៊ីរ៉ង់បដិសេធបទឈប់បាញ់ ខណៈលោក ដូណាល់ ត្រាំ គំរាមបំផ្លាញអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើអនុវត្តបទឈប់បាញ់របស់សហរដ្ឋអាមេរិក តែអ៊ីរ៉ង់ចង់ឱ្យមានការបញ្ចប់សង្គ្រាមទាំងស្រុងតែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី៧​ ខែមេសា។ ការបដិសេធរបស់អ៊ីរ៉ង់ខាងលើនេះ គឺការឆ្លើយតបទៅនឹងលោក ដូណាល់​ ត្រាំ ដែលបានគំរាមបំផ្លាញប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ បើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនោះទេនៅស្អែកនេះ។

    តាមរយៈប៉ាគីស្ថានដែលជាអ្នកជួយសម្របសម្រួល ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនចង់បានការបញ្ចប់សង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែលជាអចិន្ត្រៃយ៍ ជាងចង់បានការអនុវត្តបទឈប់បាញ់ត្រឹមរយៈខ្លី។ អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញក៏អាចកើតឡើងភ្លាមៗផងដែរ ប្រសិនបើសង្គ្រាមពិតជាត្រូវបានបញ្ចប់ពិតប្រាកដមែន។ គួររម្លឹកជូនថា កាលពីព្រឹកមិញនេះ លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ គឺនៅយប់ថ្ងៃស្អែកនេះ ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនៅម៉ោង៨ យប់ ថ្ងៃទី៧ ខែមេសា សម្រាប់ម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែមេសា សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជា)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: