ក្រុមហ៊ុន AirAsia ប្រកាសដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារវិបត្តិប្រេងឥន្ទនៈសកល
ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia X បានប្រកាសពីការសម្រេចដំឡើងថ្លៃសំបុត្រយន្តហោះ និងកាត់បន្ថយជើងហោះហើរមួយចំនួនរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែមេសា។ វិធានការបន្ទាន់នេះគឺត្រូវបានធ្វើឡើងឱ្យស្របតាមស្ថានភាពជាក់ស្តែង ដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ទនៈ បង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

គួរកត់សម្គាល់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia X ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី ឬជាទូទៅគេតែងស្គាល់ត្រឹមថា AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានជើងហោះហើរទៅកាន់ទិសដៅជាង ១៥០កន្លែងនៅក្នុងប្រទេសចំនួន ២៥ផ្សេងគ្នា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមហ៊ុន AirAsia នៅមិនទាន់បង្ហាញពីតារាងតម្លៃសំបុត្រយន្តហោះថ្មីនៅឡើយទេ ខណៈក្រុមហ៊ុនបញ្ជាក់ត្រឹមថា ក្រុមហ៊ុនបានកាត់បន្ថយជើងហោះហើរអស់ចំនួន ១០% រួចហើយ និងបន្តកាត់បន្ថយបន្ថែមទៀតប្រសិនបើចាំបាច់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time