អាមេរិកបន្ថែមជំនួយ ៣៨លានដុល្លារ សម្រាប់ឆ្លើយតបនឹងជំងឺអេបូឡា ក្រោយអ្នកជំនាញព្រមានថា អេបូឡាអាចនឹងផ្ទុះការរាតត្បាតខ្លាំងដូចកាលពីឆ្នាំ ២០១៤
អាមេរិក៖ រដ្ឋាភិបាលអាមេរិកសម្រេចផ្តល់ជំនួយបន្ថែមចំនួន ៣៨លានដុល្លារ ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃជំងឺអេបូឡា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែមិថុនា។ ការសម្រេចផ្តល់ជំនួយបន្ថែមនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលអាមេរិកបានមើលឃើញថា ជំងឺអេបូឡាអាចនឹងរាតត្បាតខ្លាំងដូចកាលពីអំឡុងឆ្នាំ ២០១៤-២០១៦ កន្លងទៅ ដែលបានបណ្តាលឱ្យមានពលរដ្ឋនៅតំបន់អាហ្វ្រិកខាងលិចប្រមាណជា ១១,៣១០នាក់ត្រូវស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអេបូឡាកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលបានបណ្តាលឱ្យមានអ្នកឆ្លងសរុបចំនួន ៤៥២ករណី ខណៈនៅក្នុងនោះមាន ៨២ករណីបានបណ្តាលឱ្យអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ ប្រភពខាងលើបន្តថា ការសម្រេចផ្តល់ជំនួយបន្ថែមចំនួន ៣៨លានដុល្លារពីសំណាក់សហរដ្ឋអាមេរិកនៅពេលនេះ គឺបានធ្វើឱ្យប្រាក់ជំនួយសរុប ដែលអាមេរិកបានផ្តល់ដោយផ្ទាល់ទៅកាន់អង្គការសុខភាពពិភពលោកបានកើនឡើងដល់ជាង ២០០លានដុល្លារហើយ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time