បញ្ឈប់នូវសកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួននេះភ្លាម ប្រសិនបើអ្នកចង់ទទួលបាននូវសុខភាពល្អ
ការផ្លាស់ប្ដូរនូវទម្លាប់មួយចំនួន គឺជាការចាំបាច់ ក៏ព្រោះវានឹងផ្ដល់នូវផលល្អចំពោះសុខភាពរបស់អ្នក។ ខាងក្រោមជាទម្លាប់ ឬសកម្មភាពធម្មតាប្រចាំថ្ងៃមួយចំនួនដែលប៉ះពាល់ចំពោះសុខភាព ហើយមនុស្សភាគច្រើនប្រព្រឹត្តខុសដោយមិនដឹងខ្លួន ៖
១. ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃច្រើនពេក ៖ មនុស្សភាគច្រើនបានដឹងរួចមកហើយថា ការលាបឡេការពារកម្ដៅថ្ងៃនៅពេលចេញទៅក្រៅ គឺជារឿងចាំបាច់ដោយវានឹងជួយការពារស្បែកមិនឲ្យទទួលរងការខូចខាតណាមួយពីពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាងណា អ្នកមិនគួរប្រើប្រាស់វាច្រើនពេកឡើយ។ កង្វះនៃពន្លឺព្រះអាទិត្យ និងវីតាមីន D អាចបណ្ដាលឲ្យស្បែកកើតមានបញ្ហាជាច្រើនដូចជា ជំងឺមហារីកស្បែក និងមហារីកលំពែង។ តាមរយៈការស្រាវជ្រាវរបស់ Anne-Louise Ponsonby អ្នកឯកទេសផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងរោគរាតត្បាត និងសុខភាពប្រជាជននៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី បានបង្ហាញថា កង្វះវីតាមីន D និងពន្លឺព្រះអាទិត្យអាចជាមូលហេតុនៃជំងឺក្រិន។ អ្នកគួរតែការពារខ្លួនពីពន្លឺព្រះអាទិត្យ ប៉ុន្តែកុំធ្វើឲ្យលើសពេក។ គួរធ្វើការសម្រេចចិត្តដោយផ្អែកលើហានិភ័យនៃសុខភាពរបស់អ្នក។

២. មិនទទួលទានជាតិខ្លាញ់សោះ ៖ ពិតណាស់ជាតិខ្លាញ់ច្រើនពេកនៅក្នុងរបបអាហារអាចបណ្ដាលឲ្យកើតមានជំងឺបេះដូង និងបញ្ហាទាក់ទងជាមួយទម្ងន់។ ប៉ុន្តែអ្នកមិនគួរឈប់ទទួលទានជាតិខ្លាញ់តែម្ដងឡើយ ក៏ព្រោះជាតិខ្លាញ់ជួយរាងកាយក្នុងការរំលាយវីតាមីន។ ការទទួលទានជាតិខ្លាញ់ល្អឲ្យបានពី ៤៤ ទៅ ៧៨ ក្រាមក្នុងមួយថ្ងៃដោយផ្អែកលើចំណូលចិត្ត និងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក គឺប្រសើរបំផុត។

៣. ទទួលទានបន្លែច្រើនពេក ៖ បន្លែ គឺពិតជាសំខាន់ ហើយចាំបាច់ណាស់សម្រាប់របបអាហារសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានបន្លែច្រើនជាង ៧ ចំនែក និង ៤ ចំនែកនៃផ្លែឈើជារៀងរាល់ថ្ងៃអស់រយៈពេលយូរទៅនោះ រាងកាយនឹងប្រែជាត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់ជាមិនខាន។ ដើម្បីទទួលបានរបបអាហារដែលត្រឹមត្រូវ ចូរទទួលទានបន្លែស្រស់ៗ ហើយកុំទទួលទានច្រើនជាង ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។

៤. ចិតសំបកផ្លែប៉ោម ៖ ស្ទើរតែគ្រប់សារធាតុចិញ្ចឹមទាំងអស់នៅក្នុងបន្លែ និងផ្លែឈើមិនតែងតែមានផ្ទុកនៅខាងក្នុងនោះទេ។ ១០០ ភាគរយ នៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលគាំទ្រសល់សុខភាពបេះដូង quercetin គឺមានផ្ទុកនៅក្នុងសំបកផ្លែប៉ោម។ ការទទួលទានផ្លែប៉ោមដែលមិនចិតសំបកចេញ គឺមានប្រសិទ្ធិភាពជួយទប់ស្កាត់ជំងឺរ៉ាំរ៉ៃនៃប្រព័ន្ធសរសៃឈាមបេះដូង។ អ្វីដែលសំខាន់បំផុតនោះ គឺមិនត្រូវភ្លេចលាងសម្អាតពួកវា នៅមុនពេលដែលទទួលទានឡើយ។

៥. ដុតគ្រឿងក្រអូប ៖ ពិតណាស់ការដុតគ្រឿងក្រអូបដូចជា ទាន ធូប ជាដើម គឺអាចមានឥទ្ធិពលល្អលើប្រព័ន្ធសរសៃប្រសាទកណ្តាលជួយឲ្យយើងមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតានតឹង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យាចិនខាងត្បូងបានធ្វើការបង្ហាញឲ្យដឹងថា ការដុតគ្រឿងក្រអូបបែបនេះសម្រាប់រយៈពេលពី ៣ ទៅ ៤ ម៉ោងជារៀងរាល់ថ្ងៃអាចជាមូលហេតុបង្កទៅជា ជំងឺមហារីកសួត មហារីកគ្រាប់ឈាម និងដុះសាច់ក្នុងខួរក្បាល។

៦. ទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ៖ ភេសជ្ជៈប៉ូវកម្លាំងអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងស្វាង ប៉ុន្តែការទទួលទានវាច្រើនពេក ឬញឹកញយ គឺមិនល្អចំពោះសុខភាពសោះឡើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលដឹកនាំដោយលោក David Grant មកពីសាកលវិទ្យាល័យប៉ាស៊ីហ្វិកបានបង្ហាញថា ភេសជ្ជៈប៉ូវកម្លាំងមួយចំនួនអាចមានឥទ្ធិពលបង្កើនហានិភ័យនៃអត្រាចង្វាក់បេះដូងមិនឋេរ។ អ្នកស្ម័គ្រចិត្តដែលមានវ័យចាប់ពី ១៨ ដល់ ៤០ ឆ្នាំបានចូលរួមក្នុងការស្រាវជ្រាវ។ ពួកគេទទួលទានៅភេសជ្ជៈប៉ូវកម្លាំង ២ ដប ជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ៣ សប្តាហ៍។ ជាលទ្ធផលសម្ពាធឈាមពួកគេប្រែជាឡើងខ្ពស់ហើយអត្រានៃចង្វាក់បេះដូងប្រែជាចុះទាប។
៧. ទទួលទានថ្នាំបំបាត់ការឈឺចាប់រាល់ថ្ងៃ ៖ យោងតាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Ohio បានបង្ហាញឲ្យដឹងថា ថ្នាំបំបាត់ការឈឺចាប់អាចបង្កផលប៉ះពាល់ដល់អារម្មណ៍។ ដូច្នេះអ្នកគួរទទួលទានតែនៅពេលដែលចាំបាច់ជៀសមិនរួចបានហើយ។

៨. រុំក្បាលនឹងកន្សែង ៖ ចូរប្រយ័ត្នជាមួយនឹងការរុំក្បាលរបស់អ្នកជាមួយនឹងកន្សែង។ យោងតាមលោក Leon Van-Gorkom អ្នកគ្រប់គ្រងផ្នែកថែរក្សាសក់នៅក្រុមហ៊ុន Unilever Research and Development បានឲ្យដឹងថា នៅពេលសក់កំពុងសើម កន្សែងធ្ងន់អាចបណ្ដាលឲ្យសក់ប្រែជាបែកចុង ឬអាចដល់ថ្នាក់ធ្វើឲ្យសក់របស់អ្នកជ្រុះថែមទៀតផង។ ដូច្នេះជំនួសឲ្យការរុំ ចូរប្រើប្រាស់កន្សែងមកផ្ដិតថ្នមៗ ឬច្របាច់ជូតទឹកចេញពីសក់បានហើយ និងទុកឲ្យសក់
ស្ងួតតាមធម្មតា។

៩. ងូតទឹកយូរ ៖ ការងូតទឹកយូរអាចកម្ចាត់នូវជាតសំណើមធម្មជាតិពីស្បែករបស់អ្នក ហើយវានឹងបណ្ដាលឲ្យស្បែកប្រែជាស្ងួត ក៏ដូចជារមាស់។ ដូច្នេះអ្នកមិនគួរងូតយូរជាង ១០ នាទីឡើយ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside.