បន្ទប់សណ្ឋាគារ ដែល គីម ជុងអ៊ុន ស្នាក់នៅសិង្ហបុរី ខុសគ្នាដូចមេឃនិងដី នឹងបន្ទប់សណ្ឋាគារប្រណិតនៅកូរ៉េខាងជើង
នៅក្នុងអំឡុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថា ស្នាក់នៅសណ្ឋាគារដ៏ប្រណិតមួយនៅសិង្ហបុរី ដែលមានឈ្មោះថា St Regis ដោយលោកស្នាក់នៅបន្ទប់ប្រធានាធីបតី ព្រមទាំងមានអង្គរក្សការពារយ៉ាងតឹងរឹងប្រមាណ២០នាក់ថែមទៀតផង។
នៅបន្ទប់ ដែលមេដឹកនាំកូរ៉េខាងជើងស្នាក់នៅនោះល្អប្រណិតខ្លាំងណាស់ មានទាំង យ៉រអង្គុយលំហែផ្ទាល់ខ្លួន កន្លែងត្រាំទឹកក្តៅ កន្លែងហាត់ប្រាណ ហើយបន្ទប់នោះមានកន្លែងទទួលភ្ញៀវ និងកន្លែងទទួលទានអាហារដាច់ដោយឡែក ថែមទៀតផង ហើយកាន់តែពិសេសនោះគ្រឿងសង្ហាររឹមនៅក្នុងបន្ទប់ធ្វើឡើងពីមាស លង្វិន និងប្រាក់ទៀតផង។ ចំពោះតម្លៃស្នាក់នៅមួយយប់មានតម្លៃជិត៧.០០០ដុល្លារអាមេរិកឯណោះ។
ចំណែកឯសណ្ឋាគារ Ryanggang នៅទីក្រុងព្យុងយ៉ាងវិញ ដែលជាសណ្ឋាគារត្រូវបានលោក គីម ជុងអ៊ុន សាងសង់ឡើង ដើម្បីបង្អួតភ្ញៀវទេសចរណ៍ ហើយសណ្ឋាគារនេះត្រូវចាត់ទុកថា ជាសណ្ឋាគារប្រណិតមួយនៅកូរ៉េខាងជើងផងដែរ។ សណ្ឋាគារនោះមានចំនួន១១ជាន់ មាន៣៣០បន្ទប់ ហើយបន្ទប់នីមួយៗមានលក្ខណៈធំទូលាយ ប៉ុន្តែប្រើប្រាស់គ្រែដេកបែបកូរ៉េ ដែលមានពូកស្តើងៗ។ សណ្ឋាគារ Ryanggang នេះត្រូវបានភ្ញៀវទេសចរណ៍វាយតម្លៃថា អន់ខ្លាំងណាស់ ដោយវាយតម្លៃត្រឹមតែ ១ពិន្ទុ ទៅ២ពិន្ទុប៉ុណ្ណោះ៕
សណ្ឋាគារនៅសិង្ហបុរី ដែលលោក គីម ជុងអ៊ុន ស្នាក់នៅ
សណ្ឋាគារ Ryanggang ដែលប្រណិតនៅកូរ៉េខាងជើង
អត្ថបទ៖ ឌី
ប្រភព៖ yahoo





