ក្រោយជំនួបបញ្ចប់ លោកគីម ជុងអ៊ុន អញ្ជើញលោក ដូណល់ ត្រាំ ឲ្យទៅទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង
បើយោងតាមសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងអាមេរិក និងកូរ៉េខាងជើងនៅក្នុងប្រទេសសិង្ហបុរីនោះ លោក គីម ជុងអ៊ុនក៏បានអញ្ជើញលោក ដូណល់ ត្រាំ ឲ្យធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងដែរ។ យោងតាមសារព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា លោក ដូ ណល់ត្រាំ ក៏ព្រមទទួលយកសំណើរបស់លោកគីម ជុងអ៊ុននេះដែរ ហើយវានឹងក្លាយជាការផ្លាស់ប្តូរគ្នាទៅទស្សនកិច្ចក្នុងប្រទេសទាំងពីរនេះម្តងម្នាក់។
សូមរំលឹកឡើងវិញថា កាលពីអំឡុងពេលប្រជុំជាប្រវត្តិសាស្រ្ត គេបានឃើញលោក គីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ បានចាប់ដៃគ្នា និងបង្ហាញភាពស្និតស្នាលជាមួយគ្នាយ៉ាងខ្លាំង។ ហើយលោក ដូណល់ ត្រាំ ក៏បានឲ្យដឹងដែរថា មានតែការធ្វើការងាររួមគ្នាជាមួយនឹងលោក គីម ជុងអ៊ុនទេ ទើបគេអាចស្វែងរកដំណោះស្រាយល្អៗជុំវិញកម្មវិធីនុយក្លេអែរ របស់កូរ៉េខាងជើងបាន។ ដូចនេះចាប់ពីពេលនេះទៅ កូរ៉េខាងជើង និងអាមេរិក នឹងព្យាយាមបង្កើតទំនាក់ទំនងជាមួយគ្នាឲ្យបាន ច្រើនតាមតែអាចធ្វើទៅបាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia