កីឡា

ម្ចាស់ផ្ទះឆ្នាំនេះមិនធម្មតា! រុស្សីបញ្ចប់ក្ដីសង្ឃឹមរបស់អេហ្ស៊ីបក្នុងបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃព្រឹិតិ្តការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលជុំទី 2

BY
Khmernote Media
June 20, 2018

ម្ចាស់ផ្ទះ រុស្សី នៅតែបន្ដការឈ្នះរបស់ពួកគេដដែលនៅក្នុងការប្រកួតជុំទី 2 បន្ទាប់ពីធ្វើឲ្យក្រុមជម្រើសជាតិ អេហ្ស៊ីប បានត្រឹមស្រក់ទឹកភ្នែកត្រៀមខ្លួនត្រលប់ទៅស្រុកកំណើតវិញ។

ការប្រកួតបើកឆាកជុំទី 2 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup កាលពីយប់មិញនេះ ក្រុមជម្រើសជាតិ រុស្សី នៅតែបន្ដភាពខ្លាំងរបស់ខ្លួនដោយបញ្ចប់ក្ដីស្រមៃក្នុងបន្ដដំណើរទៅវគ្គ 16 ក្រុមចុងក្រោយរបស់ អេហ្ស៊ីប ត្រឹមយប់មិញនេះដោយលទ្ធផល 3-1។

កាលពីយប់មិញក្រុមជម្រើសជាតិ រុស្សី នៅតែរក្សាទំរង់លេងល្អដដែលដូចកាលពីជំនួបជាមួយនឹងក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត អញ្ចឹង។ ទោះបីជាក្នុងយប់មិញនេះវត្តមានដំបូងរបស់ខ្សែប្រយុទ្ធ Mohamed Salah បង្ហាញខ្លួនឲ្យ អេហ្ស៊ីប ក្នុងព្រឹិត្តិការណ៍បាល់ទាត់ពិពភលោកលើកដំបូងក៏ដោយ ក៏ Salah នៅតែមិនអាចស្រោចស្រង់ជួយអោយ អេហ្ស៊ីប យកឈ្នះម្ចាស់ផ្ទះ រុស្សី បានដែរ ប៉ុន្ដែនៅក្នុងប្រកួតនេះខ្សែប្រយុទ្ធ Salah សុតបញ្ចូលទីបាល់ Penalty បាន 1 គ្រាប់ដែរ។

កាលប្រកួតពីយប់មិញនេះក្នុងតង់ទី 1 ក្រុមទាំងពីរសម្រុកទៅសម្រុកមកប៉ុន្ដែមិនមានឱកាសសុតបញ្ចូលទីក្រុមណាមួយឡើយ។ ប៉ុន្ដែចូលដល់តង់ទី 2 ភ្លាមខ្សែការពារ Ahmed Fathi បង្កភាពធ្វេសប្រហែសធ្វើឲ្យគ្រាប់បាល់បញ្ចូលទីខ្លួនឯងនៅក្នុងនាទីទី 47។ ចូលដល់នាទីទី 59 កីឡាករ Cheryshev សុតបញ្ចូលទីមួយគ្រាប់ទៀត ហើយរំលងបាន 3 នាទីខ្សែប្រយុទ្ធ Dzyuba បន្ថែមមួយគ្រាប់ទៀតនៅក្នុងនាទីទី 62 បញ្ចប់ក្ដីសង្ឃឹមរបស់ អេហ្ស៊ីប ត្រឹមវគ្គចែកពូលនេះ។ ប៉ុន្ដែ Salah រកបានមួយគ្រាប់មួយវិញនៅក្នុងនាទីទី 73។

បញ្ចប់ការប្រកួត ម្ចាស់ផ្ទះ រុស្សី កក់កៅអីវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលកីឡាករ Salah និងកីឡាករ អេហ្ស៊ីប ផ្សេងទៀតបានត្រឹមស្រក់ទឹកភ្នែករង់ចាំការប្រកួតបង្រ្គប់កិច្ចជាមួយនឹង អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងជុំទី 3។

បុត្រ

Share This Post: