អាឡឺម៉ង់អាចស្ដារមុខមាត់បានទេក្នុងយប់នេះ? ខណៈដែលស៊ុយអែតជាប្រទេសដែលទម្លាក់ ហូឡង់និងអ៊ីតាលី មិនឲ្យមកលេង World Cup
- June 23, 2018
ក្នុងរាត្រីនេះក្រុមការពារដំណែងជើងឯក អាឡឺម៉ង់ នឹងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិ ស៊ុយអែត ដែលជាអ្នកទម្លាក់ក្រុមខ្លាំងៗនៅក្នុងទ្វីបអឺរ៉ុបនៅក្នុងពេលជម្រុះ FIFA World Cup ក្នុងទ្វីបអឺរ៉ុប។
នៅក្នុងមួយរយៈចុងក្រោយនេះក្រុមជម្រើសជាតិស៊ុយអែតមានទម្រង់លេងល្អមែនទែន ហើយស៊ុយអែតក៏ក្រុមជម្រើសជាតិមួយដែលធ្វើឲ្យកីឡាករល្បីៗដូចជា Robben, Buffon ចូលនិវិត្តន៍ដោយសារតែពួកគេដែរ។

កាលពីវគ្គជម្រុះទ្វីបអឺរ៉ុប ក្រុមជម្រើសជាតិស៊ុយអែតបានទម្លាក់ក្រុមជម្រើសជាតិ ហូឡង់ នៅក្នុងវគ្គជម្រុះតាមពូល ហើយឡើងមកលេងវគ្គខ្វែង ស៊ុយអែត ក៏ជាអ្នកទម្លាក់អុីតាលីផងដែរ ដោយពេលនោះ ស៊ុយអែត យកឈ្នះ អុីតាលី ដោយលទ្ធផល 1-0 ធ្វើឲ្យអ្នកចាំទី Buffon ស្រក់ទឹកភ្នែកប្រកាសចូលនិវិត្តន៍បន្ទាប់ពីការប្រកួតនេះបញ្ចប់។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមជម្រើសជាតិ ស៊ុយអែត បានយកឈ្នះក្រុមជម្រើសជាតិ កូរ៉េខាងត្បូង ដោយលទ្ធផល 1-0 នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី ខណៈដែលពេលនេះ ស៊ុយអែត មាន 3 ពិន្ទុបណ្ដោះអាសន្នក្នុងដៃ។
ក្រឡែកមកមើលម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 4 សម័យ ឥន្រ្ទីដែកអាឡឺម៉ង់ នៅក្នុងប្រកួតដំបូងក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីក្នុងនាមជាក្រុមការពារដំណែងជើងឯកបានទទួលរងបរាជ័យនៅក្រោមថ្វីជើង មុិកស៊ីកូ ដោយលទ្ធផល 1-0 ការចាញ់របស់ អាឡឺម៉ង់ នៅក្នុងប្រកួតដំបូងនេះធ្វើឲ្យអាឡឺម៉ង់ប្រឈមមុខនឹងការធ្លាក់នៅក្នុងវគ្គចែកពូល។
ចាំមើលក្នុងរាត្រីនេះ អាឡឺម៉ង់ អាចស្ដារមុខមាត់ឡើងវិញបានទេ ខណៈដែល ស៊ុយអែត គឺជាអ្នកបញ្ចប់វាសនានិងអាជីពកីឡាករល្បីៗអស់ជាច្រើននាក់។ ការប្រកួតរបស់ក្រុមទាំងពីរនឹងធ្វើឡើងនៅយប់នេះ វេលាម៉ោង 1:00 រំលងអាធ្រាត្រ។

- Share This Post:






