វាសនារបស់អាហ្សង់ទីនមិនទាន់ចប់ត្រឹមវគ្គចែកពូលនេះទេ ខណៈដែលបារាំងត្រៀមខ្លួនប៉ះអាហ្សង់ទីននៅវគ្គ 16 ក្រុមចុងក្រោយ
- June 27, 2018
វាសនារបស់ក្រុមជម្រើសជាតិអាហ្សង់ទីនបានបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនីហេ្សរីយ៉ាដោយលទ្ធផល 2-1 កាលពីយប់។
ការប្រកួតកាលពីយប់មិញរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនអាចនិយាយថាគឺជាការប្រកួតដ៏សំខាន់មួយសម្រាប់សម្រេចជោគវាសនារបស់អាហ្សង់ទីនថាត្រូវធ្លាក់នៅក្នុងវគ្គនេះ ឬក៏បន្ដទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។ ការប្រកួតរបស់អាហ្សង់ទីនកាលពីយប់មិញដាច់ខាតត្រូវតែឈ្នះ ប្រសិនបើស្មើនិងចាញ់នោះអាហ្សង់ទីននឹងធ្លាក់នៅក្នុងវគ្គចែកពូល D នេះ។

ក្នុងរាត្រីប្រកួតរបស់អាហ្សង់ទីនកាលពីយប់មិញពិតជាអស្ចារ្យមែនទែន ទឹកភ្នែកកីឡាករនិងអ្នកគាំទ្រជាច្រើនបានស្រក់ចុះដោយសារតែភាពជ័យជំនះរបស់អាហ្សង់ទីន បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ក្នុងរាត្រីយប់មិញនេះក៏ជារាត្រីដែល Messi អាចសុតបញ្ចូលទីគ្រាប់បាល់ដំបូងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីនេះបានដែរ។
ការប្រកួតកាលពីម្សិលមិញនៅក្នុងតង់ទី 1 ខ្សែប្រយុទ្ធ Lionel Messi បានសុតបញ្ចូលទីជួយឲ្យអាហ្សង់ទីនាំមុខនីហ្សេរីយ៉ាដោយលទ្ធផល 1-0 បន្ទាប់ពីខ្សែបម្រើ Benega បញ្ជូនបាល់យ៉ាងស្អាតឲ្យ Messi ជាអ្នកបញ្ចប់ទី។ ចូលដល់តង់ទី 2 ត្រឹមនាទីទី 50 តែប៉ុណ្ណោះខ្សែបម្រើការពារ Mascherano បានបង្កកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ ត្រូវបានអាជ្ញាកណ្ដាលលោក Cakir ផ្ដល់បាល់ Penalty 11 ម៉ែត្រឲ្យនីហេ្សរីយ៉ាសុតបញ្ចូលទីតាមស្មើដោយកីឡាករ Victor Moses។ ប៉ុន្ដែជិតបញ្ចប់ការប្រកួតទៅហើយ ខ្សែការពារ Marcos Rojo បានសុតបញ្ចូលទីគ្រាប់បាល់ទី 2 ឲ្យអាហ្សង់ទីនដោយបង្ហាញក្ដីសង្ឃឹមឲ្យអាហ្សង់ទីនឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។ បញ្ចប់ការប្រកួត អាហ្សង់ទីន យកឈ្នះ នីហេ្សរីយ៉ា ដោយលទ្ធផល 2-1។ ហើយក្រុមជម្រើសជាតិអាហ្សង់ទីននឹងបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយប៉ះជាមួយនឹងក្រុមជម្រើសជាតិបារាំងនៅវគ្គ 16 ក្រុមចុងក្រោយ។


បុត្រ
- Share This Post:






