ពិព័រណ៍អឺរ៉ុបលើកទី១ សម្ពោធជាផ្លូវការនៅថ្ងៃនេះហើយ!
ពិព័រណ៍អឺរ៉ុប ដែលជាការតាំងពិព័រណ៍ផលិតផលនិងសេវាកម្មអឺរ៉ុបនៅប្រទេសកម្ពុជា នឹងត្រូវសម្ពោធជាផ្លូវការនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ K និង L។ ពិធីសម្ពោធជាផ្លូវការនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Simone Pieri ភារធារីស្ដីទីប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន Cambodia Airports ជាក្រុមហ៊ុនឧបត្ថម្ភពិព័រណ៍ធំជាងគេ និងក្រុមហ៊ុន Eurasia Concept ដែលជាក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ធំបំផុតក្នុងចំណោមក្រុមហ៊ុនចូលរួមជាង៤០ក្រុមហ៊ុនមកពីវិស័យជាច្រើន។
លោក Blaise Killian នាយកប្រតិបត្តិស្ដីទីនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា៖«យើងខ្ញុំរីករាយក្នុងការតាំងបង្ហាញពីលក្ខណៈដ៏ល្អប្រពៃរបស់អឺរ៉ុបនៅកម្ពុជា ក្នុងកំឡុងពេលបីថ្ងៃនេះ។ យើងខ្ញុំរៀបចំកម្មវិធីបែបនេះ គឺជាលើកទីមួយហើយ ខ្ញុំសង្ឃឹមថាអ្នកទស្សនា ជាពិសេសអតិថិជននិងអ្នកជំនួញកម្ពុជា នឹងរីករាយទស្សនាផលិតផល ពិសារចំណីអាហារ ព្រមទាំងកម្សាន្តសប្បាយនឹងសកម្មភាពផ្សេងៗទៀតនៅក្នុងពិព័រណ៍នេះ។ គោលដៅរបស់យើងគឺផ្តល់ជូនអ្នកអាជីពនូវនឱកាសពង្រីកទំនាក់ទំនងអាជីវកម្ម និង ធ្វើឱ្យសាធារណជនបានស្គាល់ម៉ាកល្បីៗរបស់អឺរ៉ុប ជាផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មល្អៗ ដែលពួកគេអាចទិញបានភ្លាមៗនៅទីនោះ។»


ពិព័រណ៍អឺរ៉ុបនឹងត្រូវបើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។
អ្នកទស្សនានឹងរីករាយជាមួយម៉ាកល្បីៗ ផលិតផល និង សេវាកម្ម មកពីប្រទេសអឺរ៉ុបជាច្រើន។ មានការតាំងបង្ហាញផលិតផលមកពីជាង៤០ក្រុមហ៊ុន ក្នុងគ្រប់វិស័យ ដូចជា យានយន្ត (Porsche, BMW, Mercedes Benz, MG ។ល។) គ្រឿងសង្ហារិម និង ក្រុមហ៊ុនរចនាខាងក្នុងផ្ទះពីប្រទេសអ៊ីតាលី គ្រឿងសម្អាងមកពីប្រទេសបារាំង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និង សម្ភារប្រើប្រាស់ (Bosch, Wūrth) ឬ Daas & Chemicals និងអាហារអឺរ៉ុបឆ្ងាញ់ពិសារមកពីហាង Thalias, Hops, Good France និងហាងជាច្រើនទៀត។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា៖«ពិព័រណ៍អឺរ៉ុបលើកដំបូងនេះនឹងជាចំណុចផ្តើមសម្រាប់ពិព័រណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។ ផ្នែកមួយនៃបេសកកម្មយើង ក្រៅពីការផ្សព្វផ្សាយអាជីវកម្មរវាងកម្ពុជានិងអឺរ៉ុបហើយនោះ គឺការបង្កើនការយល់ដឹងពីអាជីវកម្មអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ ពួកយើងចង់ផ្តល់ឱកាសឱ្យសមាជិកយើងបានបង្ហាញខ្លួនជូនអ្នកទស្សនា ហើយយើងក៏បាននាំក្រុមហ៊ុនជាច្រើនមកតាំងបង្ហាញនៅទីនេះដែរ។ ខ្ញុំរីករាយណាស់ក្នុងការចូលរួមក្នុងកម្មវិធីនេះ និង ជួបអ្នកទស្សនាខ្មែរដែលជាមិត្តភក្តិល្អរបស់អឺរ៉ុបនិងម៉ាកល្បីៗមកពីអឺរ៉ុបផងដែរ។»

ពិព័រណ៍អឹរ៉ុបក៏នឹងផ្តល់ឱកាសជូនអ្នកជំនួញអាជីពដែលកំពុងស្វែងរកដៃគូជំនួញនិងបង្កើនទំនាក់ទំនងផងដែរ។
ពិព័រណ៍អឹរ៉ុប (EuroFair) ត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឧបត្ថម្ភធំដោយ ក្រុមហ៊ុន Cambodia Airports។ ពិព័រណ៍នេះ ទទួលបានការគាំទ្រពីប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មជាតិនៃបណ្ដាប្រទេសអឺរ៉ុបនៅកម្ពុជា រួមមានសភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) សភាពាណិជ្ជកម្មអង់គ្លេស (BritCham) សភាពាណិជ្ជកម្មបារាំង (CCIFC) សភាពាណិជ្ជកម្មអ៊ីតាលី (ICBA) និង សភាពាណិជ្ជកម្មអឺរ៉ុបខាងជើង (NordCham – ប្រទេសន័រវេ ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងអ៊ីស្លង់)។

Seriously experienced event photography by www.SNAPP.media
អំពីសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham)
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ត្រូវបានសម្ពោធបង្កើតឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១១ ដោយមានការគាំទ្រពីសភាពាណិជ្ជកម្មស្ថាបនិកប្រទេសអឺរ៉ុបចំនួនបី ពោលគឺ សភាពាណិជ្ជកម្មបារាំង-កម្ពុជា (CCFC) សភាពាណិជ្ជកម្មអាល្លឺម៉ង់ (ADW) និង សភាពាណិជ្ជកម្មអង់គ្លេស (BBAC)។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ធុរកិច្ចអឺរ៉ុបនៅកម្ពុជា ដោយជួយសម្រួលឱ្យក្រុមហ៊ុនអឺរ៉ុបចូលទៅក្នុងទីផ្សារកម្ពុជា និងបង្កើតបណ្តាញគាំទ្រយ៉ាងទូលំទូលាយដល់សមាជិករបស់ខ្លួន ដែលជាប្រភេទក្រុមហ៊ុនសាជីវកម្ម និងសហគ្រាសឯកបុគ្គល។ កិច្ចការរបស់សភាពាណិជ្ជកម្មអឺរ៉ុប រួមមានការសហការជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងវិស័យពន្ធដារ និងដំណោះស្រាយវិវាទ ការបង្កើតគណៈកម្មការលើវិស័យជាក់លាក់ និងការផ្ដល់សេវាកម្មទាក់ទងនឹងទីផ្សារដល់ក្រុមហ៊ុនអឺរ៉ុប។ សម្រាប់ព័ត៌មានបន្ថែមអំពីសភាពាណិជ្ជកម្មអឺរ៉ុប សូមចូលទៅកាន់គេហទំព័រ EuroCham Cambodia online។
សម្រាប់ការសាកសួរផ្នែកផ្សព្វផ្សាយសូមទំនាក់ទំនង:
កញ្ញា Marion Philipps (EN, FR) លោក ស៊ូ ពិសែន (KH, EN)
លេខទូរសព្ទ 070 789 097 លេខទូរសព្ទ 093 811 190
Email: marion@brains-comm.com Email: pisen@brains-comm.com