រដ្ឋាភិបាលសម្រេច កាត់ដីបឹងតាមោក (កប់ស្រូវ) ២០ហិកតា ដើម្បីសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត
រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០ហិកតា ដើម្បីរៀបចំធ្វើការសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ យោងតាមប្រភពព័ត៌មានរបស់កាសែត រស្មីកម្ពុជា ដដែលបានបន្តអោយដឹងថា ការសម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ២០ហិកតា របស់សម្តេចតេជោ ហ៊ុន សែន នេះដែរត្រូវបានធ្វើឡើងតាមសំណើសុំ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលបានអោយដឹងបន្ថែមទៀតថា នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរ យោងលិខិត ០៦៦/២០ លស.គ ចុះថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ , លិខិតលេខ៦៥០ខន /០២០ សជណ ចុះថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ចុះ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា ផ្ទៃដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរៀបចំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ៕


