ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើករថយន្តក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមន្ត្រីម្នាក់ បណ្តាលឲ្យដួល ហើយបើករត់ ត្រូវសមត្ថកិច្ចប្រដេញតាម ដាក់ម៉ូតូបាំងពីមុខហើយនៅមិនព្រមឈប់ទៀត ទាល់តែសមត្ថកិច្ចផ្ទុះអាវុធមួយគ្រាប់ទើបឃាត់បាន

    BY Khmernote Media January 1, 2021
    បើករថយន្តក្រឡុកស៊ីម៉ងត៍កៀរម៉ូតូមន្ត្រីម្នាក់ បណ្តាលឲ្យដួល ហើយបើករត់ ត្រូវសមត្ថកិច្ចប្រដេញតាម ដាក់ម៉ូតូបាំងពីមុខហើយនៅមិនព្រមឈប់ទៀត ទាល់តែសមត្ថកិច្ចផ្ទុះអាវុធមួយគ្រាប់ទើបឃាត់បាន

    រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសរបស់អធិការដ្ឋានខណ្ឌមានជ័យ បានផ្ទុះអាវុធបាញ់មេឃមួយគ្រាប់ ទើបចាប់ឃាត់តៃកុងរថយន្តបាន បន្ទាប់ពីប្រដេញតាមឃាត់រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿង ដែលបើកបុកកៀរម៉ូតូមន្ត្រីជាប់កិច្ចសន្យាម្នាក់ បណ្ដាលឲ្យដួលរងរបួស មិនព្រមឈប់ដោះស្រាយទេ បែរជាបើករត់គេខ្លួនរហូតដល់សមត្ថកិច្ចដាក់ម៉ូតូបាំងពីមុខហើយមិនចង់ឈប់ទៀត ទាល់តែសមត្ថកិច្ចផ្ទុះអាវុធទើបឃាត់បាន។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងជិត៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចអតីតស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច (ច្រមុះជ្រូកក្បាលថ្នល់) ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    បើតាមសម្ដីកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីទទួលបានដំណឹងតាមរយៈវិទ្យុទាក់ទង បោះដៃប្រាប់អោយជួយស្ទាក់ឃាត់រថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-1001 ដែលបើកបរបុកបុកកៀរម៉ូតូមន្ត្រីជាប់កិច្ចសន្យាម្នាក់ នៅចំណុចខាងកើតខាងលើ បណ្ដាលឲ្យដួលរងរបួស ហើយបានបើករត់គេខ្លួនតាមមហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន (ហៅផ្លូវ៦០ម៉ែត្រ) ទិសដៅពីជើងមកត្បូង ទើបកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលកំពុងល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ចេញជួយអន្តរាគមន៍តាមរកមើលភិនភាគរថយន្តបង្កខាងលើ គឺកំពុងបើកបោះពួយយ៉ាងលឿនតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ទើបកម្លាំងអន្តរាគមន៍ បានប្រដេញតាមឃាត់អោយឈប់ដែរ ដោយមានបងប្អូនប្រជាពលរដ្ឋជួយដេញតាមផងដែរ ។

    ទោះជាយ៉ាងណាក៏រថយន្តបង្ក នៅតែមិនព្រមឈប់ទេ បានបន្ថែមល្បឿនកាន់តែលឿន តាមផ្លូវ៦០ម៉ែត្រដដែល ឆ្ពោះទៅខណ្ឌដង្កោ លុះរហូតជិតដល់ស្តុប៦០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ទើបសមត្ថកិច្ចដាក់ម៉ូតូបាំងពីមុខដើម្បីឃាត់រថយន្ត តែអ្នកបើកបរមិនព្រមឈប់ទៀត ទាល់តែសមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធបាញ់មេឃគំរាមមួយគ្រាប់ ទើបអាចឃាត់រថយន្តបាន និងបើកទាញចាប់ឃាត់ខ្លួនតៃកុងវាយខ្នោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចនគរបាលគោលដៅចរាចរណ៍ចម្រុះជ្រូកក្បាលថ្នល់ផងដែរ ។

    ក្រោយកើតហេតុ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ បានឃាត់រថយន្តបង្ក និងអ្នកបើកបរ នាំត្រលប់ទៅកន្លែងកើតហេតុវិញ រួចប្រគល់អោយសមត្ថកិច្ចជំនាញ ចុះមកនាំរថយន្តនិងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

    Share This Post: