បើកឡានបុកបង្គោលភ្លើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្រាប់តែជនបង្កស្ទុះរត់ចូលប៉ុស្តិ៍នគរបាល ហើយទាញកាំ.ភ្លើងអាកាបាញ់០៧គ្រាប់ផ្អើលសមត្ថកិច្ចឡោមព័ទ្ធចាប់ទាំងយប់
ខេត្តកណ្ដាល ៖ យ៉ាងតិចឮស្នូរគ្រាប់កាំភ្លើងចំនួន៧គ្រាប់ បានបាញ់ចេញពីបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បង្កឡើងដោយបុរសម្នាក់ជាជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តដឹកទំនិញទៅបុកបង្គោលភ្លើង ហើយសមត្ថកិច្ចនាំមកធ្វើការសាកសួរក្នុងស្នាក់ការប៉ុស្តិ៍។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង០១:៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយបុរសម្នាក់បើករថយន្តដឹកទំនិញ បើកបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូន ក៏បានឃាត់ខ្លួន និងហៅជនបង្កមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ជនបង្ក មកធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្រោយពេលធ្វើការសាកសួរ ស្រាប់តែជនបង្កខាងលើ រត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាចំនួន៣ដើម បាញ់ចំនួន ៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច ។ នគរបាលប៉ុស្តិ៍នគរបាលអធិការដ្ឋានស្រុកកោះធំ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កំពុងដឹកនាំកម្លាំង ធ្វើការឡោមព័ទ្ធជនបង្កខាងលើនេះ ដែលកំពុងលាក់ខ្លួនជាមួយនឹងកាំភ្លើងអាកាចំនួនបីដើម នៅក្នុងប៉ុស្តិ៍រដ្ឋបាលនោះតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនបង្កមានឈ្មោះ ពៅ ហុង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។ ក្រោយមកម្ចាស់ក្រុមហ៊ុនក៏បានមកដល់កន្លែងកើតហេតុជាមួយសមត្ថកិច្ច ដើម្បីធ្វើការលួងលោមឲ្យជនបង្កខាងលើនេះទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ចថែមទាំងហៅម្ដាយបង្កើតរបស់ជនបង្ក ឱ្យមកធ្វើការលួងលោមកូនរបស់ខ្លួន ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ជៀសវាងករណីផ្ទុះអាវុធកើតឡើង។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា លោកបានដឹកនាំកម្លាំងធ្វើការឡោមព័ទ្ធ នឹងមិនឱ្យមានការផ្ទុះអាវុធ ប៉ុន្តែប្រើវិធាន ក្នុងការលួងលោមជនបង្កឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
លោកស្នងការបន្តថា ដំណាក់ការចុងក្រោយ សមត្ថកិច្ច និងសហការជាមួយម្ដាយជនបង្ក ប្រធានក្រុមហ៊ុនជនបង្ក លួងលោម ដោយប្រើមេក្រូ និយាយទៅកាន់ជនបង្ក ឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដោយមិនមានការចាប់ខ្លួន ឬបាញ់នោះឡើយ គឺធានាសុវត្ថិភាពចំពោះជនបង្កក្នុងដំណាក់កាលដំបូង។ ខណៈកាំភ្លើងនៅទីនោះមានចំនួនបីដើម និងមានគ្រាប់ជិត៩០គ្រាប់ ដូច្នេះមិនត្រូវឱ្យមានការផ្ទុះអាវុធកើតឡើងជាដាច់ខាត ជៀសវាងករណីគ្រោះថ្នាក់កើតឡើង។
បន្ទាប់ពីប្រើយុទ្ធសាស្រ្តផ្សេងៗរួច គេឃើញកម្លាំងបើកប្រតិបត្តិការ ដោយប្រើគ្រាប់បែកផ្សែង បង្ហូរទឹកភ្នែក ដើម្បីឆ្មក់ចូលចាប់ខ្លួនបានជនល្មើស នាម៉ោងប្រមាណ១០យប់ថ្ងៃដដែលនេះ។ ក្រោយពេលឃាត់ខ្លួនជនល្មើសបាន លោកស្នងការនគរបាលខេត្តកណ្ដាល ធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមទៅឃើញថា ជននេះមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ នៅពេលនេះជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕

ដោយ៖ បងម៉េង ខ្មែរណូត