ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្អូននាំប្តី និងកូនមកពីខេត្តសៀមរាបមកលេងផ្ទះ ត្រូវបងស្រីឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិនបានឲ្យចូលផ្ទះ តែប្អូនស្រីមិនព្រម កើតរឿងប្រតាយប្រតប់គ្នា ប្តីថតបង្ហោះផ្អើលអ្នកលេងបណ្តាញហ្វេសបុក

    BY Khmernote Media January 3, 2021
    ប្អូននាំប្តី និងកូនមកពីខេត្តសៀមរាបមកលេងផ្ទះ ត្រូវបងស្រីឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិនបានឲ្យចូលផ្ទះ តែប្អូនស្រីមិនព្រម កើតរឿងប្រតាយប្រតប់គ្នា ប្តីថតបង្ហោះផ្អើលអ្នកលេងបណ្តាញហ្វេសបុក

    បន្ទាយមានជ័យ ៖ ​មានរឿងហេតុការណ៍ក្នុងក្រុមគ្រួសាររវាងបងស្រី និងប្អូនស្រីបង្កើតនៅវេលាម៉ោង១២ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នៅភូមិមាត់ស្រះ​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានក្លាយទៅជាហិង្សាវាយប្រតាយប្រតប់គ្នា ព្រោះតែបងស្រី ពេលឃើញប្អូនស្រីបង្កើត ប្អូនថ្លៃនិងក្មួយតូច០២នាក់មកពីស្រុកអង្គរជុំ ខេត្តសៀមរាប មិនឲ្យចូលផ្ទះ ដោយឲ្យពួកគេនោះទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិនមុនចូលផ្ទះ តែប្អូនស្រីនោះមិនព្រមក៏ឈានដល់អំពើហិង្សា ។ ពេលនោះមានអាខោន​ ហ្វេសបុក​ ឈ្មោះ សុផា​ ច័ន្ទធូ បានថតបង្ហោះវីដេអូ សកម្មភាព​ រូបប្រពន្ធដេកយំ​ និងមានកូនតូចចំនួន០២នាក់​ ហើយបាននិយាយខ្លឹមសារថាម្ដាយក្មេក​ និងបងថ្លៃ ចិត្តតិរច្ឆាន វាយធ្វើបាបមកលើខ្លួន​ ប្រពន្ធ​ ព្រមទាំងឱពុកក្មេក​ ដោយឃើញរូបភាព​ និងខ្លឹមសារខាងលើហាក់ដូចជាសាហាវឃោរឃៅ​ ធ្វើអោយមានអ្នកចូលមើល​ និងចែកចាយវីដេអូរបន្ត​ជាច្រើន។

    ក្រោយពីមានរឿងហេតុការណ៍នេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាលខេត្ត បន្ទាយមានជ័យ បានចាត់ឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ធ្វើការស្រាវជ្រាវឈានដល់កោះហៅក្រុមគ្រួសារដែលមានជម្លោះមកសាកសួរនៅអធិការដ្ឋាន ។

    បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ប៉ិក​ គឹមហ៊ាក់​ អធិការរងផែនការងារព្រហ្មទណ្ឌ​ ដឹកនាំកម្លាំងចុះស្រាវជ្រាវជុំវិញករណីខាងលើនេះថា៖ ឆ្លងតាមការសាកសួរបុគ្គលពាក់ព័ន្ធក្នុងករណីនេះរួមមាន៖១/ឈ្មោះ ជិម​ សំអាត​ ឈ្មោះហៅក្រៅ​ ចម​ ភេទប្រុស​ អាយុ៦៨ឆ្នាំ​ នៅភូមិមាត់ស្រះ​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ បានបញ្ជាក់ថា៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១​ វេលាម៉ោងប្រហែល១១.00នាទីព្រឹក កូនប្រសាររបស់ខ្លួនឈ្មោះ ហៀប ហូ ហៅហោ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាម្ចាស់អាខោនហ្វេសបុកឈ្មោះ សុផា ច័ន្ទធូ បានជិះម៉ូតូដឹកកូន និងប្រពន្ធឈ្មោះ ជន តៃឡូវ ដែលជាកូនស្រីរបស់ខ្លួន ត្រឡប់មកពីស្រុកអង្គរជុំ ខេត្តសៀមរាប ពេលមកដល់ផ្ទះកូនស្រីបងរបស់គាត់ឈ្មោះ ជន ស្រីតូច អាយុ២៩ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក មិនអោយចូលផ្ទះ ហើយបាននិយាយប្រាប់ថាអោយទៅនៅកន្លែងចត្តាឡីស័កកំរិត១នៅវិទ្យាល័យភ្នំស្រុក តែកូនស្រីប្អូន ត្រឡប់មកពីស្រុកអង្គរជុំ មិនព្រមក៏មានការឈ្លោះប្រកែកគ្នា រហូតឈានដល់ការ ប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលគាត់ដឹកប្រពន្ធត្រឡប់មកពីលក់បន្លែនៅផ្សារភ្នំស្រុកឃើញហេតុការណ៍បែបនោះ ប្រពន្ធខ្លួនបានចូលទៅឃាត់បំបែក តែកូនៗមិនព្រមស្ដាប់ក៏កើតមានការចាប់បោចសក់គ្នាទាំងម្ដាយនិងកូនរហូតដល់ទៅ៣នាក់ ហើយដួលទៅលើដីទាំងអស់គ្នា ។​ ឃើញបែបនោះ គាត់បានស្រែកខ្លាំងៗអោយឈប់តែមិនមានអ្នកស្ដាប់ក៏កើតចិត្តខឹង ហើយវាយលើអ្នកទាំង៣នាក់នោះ ទាំងម្ដាយ និងកូនស្រីទាំង២នាក់ទៀត ទើបមានការបែកគ្នា។ ចំណែក កូនស្រីបងឈ្មោះ ជន ស្រីទូច និងម្ដាយ បានចូលក្នុងផ្ទះ ចំណែកកូនស្រីប្អូនឈ្មោះ ជន តៃឡូវ បានដេកយំ នៅលើដីព្រោះខឹងម្ដាយនឹងបងស្រីមិនអោយប្ដីចូលផ្ទះ។ ចំណែកកូនប្រសារឈ្មោះ ហៀប ហូ ហៅ ហោ ដែលជាម្ចាស់អាខោនហ្វេសបុកឈ្មោះ សុផា ច័ន្ទធូ បានយកទូរស័ព្ទថតវីដេអូបង្ហោះហ្វេសបុក នៅខាងក្រៅរបងផ្ទះ ។ ក្រោយមកទៀតខ្ញុំបានយកម៉ូតូដឹកកូនស្រី និងប្ដី ទៅរកឡានឈ្នួលជូនទៅធ្វើការនៅក្រុងកំពង់សោម ។

    លោកអធិការរងបានបញ្ជាក់ថា៖ ឆ្លងតាមការសាកសួរបងស្រីបង្កើតឈ្មោះ ជន ស្រីទូច ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១:០០នាទីព្រឹក ខ្លួនបានអង្គុយនៅផ្ទះស្រាប់តែឃើញប្អូនស្រី ឈ្មោះ ជន តៃឡូវ និងប្តីឈ្មោះ ហៀប ហូ (ហៅក្រៅ ហោ) និងកូនប្រុសស្រីតូចៗពីរនាក់ បានជិះម៉ូតូមកដល់មុខផ្ទះ តែខ្លួនមិនអោយចូលផ្ទះ និងបានប្រាប់ថាអោយទៅនៅវិទ្យាល័យភ្នំស្រុកចំនួន១៤ថ្ងៃសិន តែប្អូនស្រីនិងប្អូនថ្លៃមិនព្រមស្តាប់ទើបកើតមានការឈ្លោះប្រកែកនិងឈានដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមនោះឪពុកនិងម្តាយរបស់ខ្លួនបានត្រលប់មកពីលក់បន្លែនៅផ្សារ ក៏ឃាត់បំបែកតែពួកខ្លួនទាំងពីរមិនព្រមស្តាប់ទើបឪពុករបស់ខ្លួនវាយពួកខ្លួននិងប្អូនស្រីម្នាក់មួយដៃ ហើយខ្លួនបែកចូលទៅដេកក្នុងផ្ទះ ចំណែកប្អូនស្រីដេកយំរនាលដីនៅមុខផ្ទះព្រោះខឹងនិងឪពុកម្តាយខ្លួននិងខ្លួនមិនអោយឈ្មោះ​ ហៀប ហូ (ហៅ​ហោ) ត្រូវជាប្តីរបស់ឈ្មោះ ជន តៃឡូវ ចូលមកនៅក្នុងផ្ទះ ។ ចំណែកឈ្មោះ ហៀរ ហូ ហៅ ហោ (ជាម្ចាស់អាខោនហ្វេសបុកឈ្មោះ សុផា ច័ន្ទធូ )បានយកទូរស័ព្ទថតជាវីដេអូរួចបង្ហោះ និងបាននិយាយខ្លឹមសារដូចក្នុងវីដេអូ ។

    លោកអធិការង បានបញ្ជាក់បន្ថែមថា៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ជិម សំអាត និង ឈ្មោះ ជន ស្រីទូច យើងបានសន្និដ្ឋានថា៖ វីដេអូខ្លីបដែលអាខោនហ្វេសបុកឈ្មោះ សុផា ច័ន្ទធូ មានខ្លឹមសារបានបង្ហោះគឺមានខ្លឹមសារខុសពីការពិត ក្នុងន័យនេះអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក សូមបដិសេធទាំង​ស្រុងចំពោះវីដេអូរខ្លីប និងខ្លឹមសារដែលអាខោនហ្វេសបុកឈ្មោះ សុផា ច័ន្ទធូ បានបង្ហោះមានលក្ខណះដូចជាឃោឃៅ តែរឿងហេតុពិតជាក់ស្ដែងគ្រាន់តែជាការឈ្នោះប្រកែក និងវាយតបគ្នាបន្តិចបន្តួច រវាងឪពុកម្តាយបង្កើត និងកូនស្រីបង្កើតតែប៉ុណ្ណោះ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: