អាសូរណាស់! ខំធ្វើការថែមម៉ោងដល់យប់ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ បែរត្រូវអស់ជីវិត ដោយសាររថយន្តបុក ពេលចេញពីធ្វើការជិះម៉ូតូត្រលប់ទៅផ្ទះ ឯប្រពន្ធឃើញប្តីជួបគ្រោះថ្នាក់ភ្លាមរន្ធត់ពេកយំរហូតដល់សន្លប់ ព្រោះប្តីទៅស្រស់ៗពេក
រាជធានីភ្នំពេញ ៖ បុរសជាងដែកម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ចោលប្រពន្ធកូនគួរឲ្យអាសូរ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការថែមម៉ោង ហើយធ្វើដំណើរត្រលប់ទៅផ្ទះវិញបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកលឿនមកបុកពីក្រោយ បណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ បោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩:២៥នាទីយប់ ថ្ងៃអង្គារ៍ ទី០៥ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតច្រកចូលសាលាខណ្ឌមានជ័យ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ផែន ចាន់ទី (ហៅប៉ាអាជូ) អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ មានស្រុកកំណើតនៅភូមិបឹងពត់ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាក (ហុងដាឌ្រីមសង់) ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1BC-7511 ជាមធ្យោបាយធ្វើដំណើរ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមិនមានពាក់មួកសុវត្តិភាពទេ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក និងមិនចាំស្លាកលេខ) ទិសដៅស្របគ្នា បានបើកមកបុកពីក្រោយម៉ូតូរបស់ជនរងគ្រោះខាងលើ បណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ បោកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកឯម៉ូតូដួលខ្ទាតអូសនិងថ្នល់ជិត២០០ម៉ែត្រ ដាច់ស្លាកលេខ និងខ្ទេចមួយកំណាត់ក្រោយយ៉ាងដំណំ ភ្លាមៗនោះរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ បន្សល់ទុកសពជនរងគ្រោះដេកដួលក្នុងថ្លុកឈាមកណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកចោមរោមមើល និងជួយសម្រួលចរាចរណ៍ និងឆែកមើលខ្លួនរបស់សពឃើញមានទូរស័ព្ទចុចពិលមួយគ្រឿង ហើយសមត្ថកិច្ចបានស្រាវជ្រាវរកលេខទូរស័ព្ទទាក់ទងប្រាប់សាច់ញាតិនិងប្រពន្ធរបស់ជនរងគ្រោះបានដឹងដំណឹងនេះផងដែរ ។
មួយសន្ទុះក្រោយមកសាច់ញាតិក្រុមគ្រួសារ និងប្រពន្ធរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ នឹកស្រណោះដូចជាស្រស់ៗពេក ដោយបាននិយាយថា ម៉េចប្ដីទៅចោលខ្ញុំ ប្ដីថាទៅធ្វើការថែមម៉ោង បែរជាមកជួបរឿងអកុសលបែបនេះទៅវិញ និងយំបណ្ដើរឱបសពប្ដីបណ្ដើររហូតទាល់តែសន្លប់ ត្រូវបានសាច់ញាតិយកប្រេងកូឡាមកលាបទើបដឹងខ្លួនវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ ចុះទៅពិនិត្យ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំប្រគល់អោយសាច់ញាតិវិញនៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត