UPDATE: ខ្មាន់កាំភ្លើងគេចខ្លួនដល់ស្ទឹងត្រែងហើយ បានជិះម៉ូតូ១គ្រឿង កាលពីយប់មិញ ចូលមកក្នុងភូមិមួយ ក្នុងស្រុកសេសាន ព្រលឹមទុកម៉ូតូចោលគេចខ្លួនបាត់ទៀត
ជនសង្ស័យដែលបានបាញ់សម្លាប់មន្រ្តីនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចនោះ បានជិះម៉ូតូ១គ្រឿងនោះ កាលពីយប់មិញ ចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និងបានទុកម៉ូតូនោះចោលនិងគេចខ្លួនបាត់ថែមទៀតនៅ ពេលព្រឹកព្រលឹម។ គិតមកល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែងហើយ ក្រោមការតាមប្រមាញ់របស់កម្លាំងប្រដាប់អាវុធចម្រុះស្ថាប័ន។ ម៉ូតូរបស់ជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ០៤ មករា ឆ្នាំ ២០២១ នេះ ជនសង្ស័យ បានជិះរថយន្តបុករបាំងការពាររបស់សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី និងបានរត់ភៀសខ្លួនចូលទៅក្នុងព្រៃ ដោយបន្សល់ទុកតែភរិយា, កូនស្រីនិងប្អូន ថ្លៃស្រី ជាមួយនឹងរថយន្ត។ ជនសង្ស័យរូបនោះ ត្រូវបានគេទម្លាយអត្តសញ្ញាណម្សិលមិញឲ្យដឹងថាមាន ឈ្មោះ អ៊ា ណារ៉េន ដែលជាមនុស្សមានអាវុធជាប់ខ្លួន និងប្រកបដោយគ្រោះថ្នាក់ថែមទៀត៕



