ឆ្នាំមុនត្រូវភ្លើងឆេះផ្ទះម្ដង ហើយឆ្នាំនេះឆេះទៀត សូមចូលរួមសោកស្តាយចំពោះម្ចាស់ផ្ទះរងគ្រោះផង
រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋសង់ពីឈើប្រក់សង្ក័សីចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌឬស្សីកែវ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ កាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ ខណៈពេលដែលគាត់កំពុងអង្គុយលើគ្រែជជែកគ្នានៅមុខផ្ទះ ដែលមានចម្ងាយប្រហែល ២០០ម៉ែត្រពីផ្ទះដែលឆេះនោះ ដោយមិនដឹងមូលហេតុអ្វីទេ គ្រាន់តែក្រឡេកមើលទៅឃើញភ្លើងក្រហមៗ និងមានផ្សែងហុយ ទើបដឹងថាមានភ្លើងកំពុងឆេះផ្ទះបាត់ហើយ ទើបនាំគ្នាស្រែកឆោឡោរត់សំដៅទៅផ្ទះដែលឆេះនោះដើម្បីជួយពន្លត់ តែពេលទៅដល់មិនដឹងផ្ទះណាឆេះមុនដំបូងទេ ព្រោះភ្លើងកំពុងឆេះរាលដាលនិងមានអណ្ដាតភ្លើងកប់អាកាសទៅហើយ ទើបផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ។
មិនបានប៉ុន្មានផង មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកជួយអន្តរាគមន៍បាញ់ពន្លត់បន្តបន្ទាប់គ្នា ដោយឃើញកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា សារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចម្រុះសហការគ្នាចុះជួយអន្តរាគមន៍ តែភ្លើងឆេះលឿនពេក ដោយសារមានខ្យល់ខ្លាំងទៀត ទើបផ្ទះដែលសង់ពីឈើប្រក់ស័ង្កសីនៅជាប់គ្នានោះ ឆេះសឹងតែអស់ទៅហើយ ដោយក្រុមពន្លត់អគ្គិភ័យបានត្រឹមបាញ់ពន្លត់ភ្លើង និងជួយទប់ស្ដាត់មិនអោយឆេះរាលដាលបន្តដល់ផ្ទះដទៃទៀតតែប៉ុណ្ណោះ ។
សមត្ថកិច្ចជំនាញបានអោយក្រុមការងារខ្មែរណូតដឹងថា ម្ចាស់ឈ្មោះ ជ័យ រ៉ុម ភេទប្រុស អាយុ៨៩ឆ្នាំ មុខរបរនៅផ្ទះ ម្ចាស់ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរយោធាកងយុទ្ធពលខេមរៈភូមិន្ទ ។ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះនេះ គឺដោយសារ ឆ្លងចរន្តអគ្គិសនី ខូចខាតផ្ទះ២ខ្នង ឆេះអស់ទាំងស្រុង (ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ) នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡេីយ ។ ស្លាប់មនុស្ស គ្មាន និងរបួសមនុស្ស គ្មាន ។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ នគរបាលជំនាញពន្លត់អគ្គិភ័យប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប និងរថយន្តជំនួយ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក ពន្លត់ចប់ នៅវេលាម៉ោង០២:៤០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែរ ។
គួរជម្រាបជូនថា កាលពីឆ្នាំមុន នាម៉ោង២ទាបភ្លឺ ឈានចូលថ្ងៃទី០៦ មករា ឆ្នាំ២០២០កន្លងទៅនោះ ក៏មានអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្លូវរថភ្លើងខាងលើ អស់ជាង១៥០បន្ទប់ជាប់ៗគ្នាដែរ កាលនោះអណ្ដាតភ្លើងក៏ឆេះកប់អាកាសយ៉ាងសន្ធោសន្ធៅដែរ បង្កមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឬស្សីកែវ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត