ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវរងា! ពីថ្ងៃទី៩-១៧ ខែមករា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង, រាជធានីភ្នំពេញអាចចុះត្រជាក់ដល់ ១៦អង្សាសេ

    BY Khmernote Media January 8, 2021
    ត្រៀមអាវរងា! ពីថ្ងៃទី៩-១៧ ខែមករា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង, រាជធានីភ្នំពេញអាចចុះត្រជាក់ដល់ ១៦អង្សាសេ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ពីតំបន់ស៊ីប៊ឺរី គួបផ្សំជាមួយខ្យល់មូសុងឦសានខ្លាំង។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ (ពិសេសថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១) មានស្ថានភាពដូចខាងក្រោម៖

    ១-តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣អង្សា ទៅ ១៥អង្សា លាយឡំជាមួយខ្យល់មធ្យម។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សា។

    ២-តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១អង្សា ទៅ ១៣អង្សា លាយឡំជាមួយខ្យល់ខ្លាំងផងដែរ។

    ៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សា ទៅ ១៩អង្សា។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ។

    យោងតាមស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេស វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

    Share This Post: