ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូអូសជាង៥០ម៉ែត្រ បណ្ដាលអោយធ្លាក់ចូលត្រពាំងឈូក រងរបួសធ្ងន់បុរសម្នាក់ និងម្នាក់ទៀតបានបាត់បង់ជីវិត

    BY Khmernote Media January 8, 2021
    បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូអូសជាង៥០ម៉ែត្រ បណ្ដាលអោយធ្លាក់ចូលត្រពាំងឈូក រងរបួសធ្ងន់បុរសម្នាក់ និងម្នាក់ទៀតបានបាត់បង់ជីវិត

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើរថយន្ត Toyota Prius ក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រ ធ្លាក់ចេញពីផ្លូវ ចូលក្នុងត្រពាំងឈូក ទាំងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្ស័យថាមានស្ត្រីម្នាក់បាត់ខ្លួនផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០០:០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស (TOYOYA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AX-2687 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកពីក្រោយ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ឡើងស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1O-3398 ដែលបើកស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្ដាលឲ្យអូសជាង៥០ម៉ែត្រធ្លាក់ផ្លូវចូលទៅក្នុងត្រពាំងឈូកទាំងម៉ូតូនិងរថយន្តចូលទៅគាបនឹងធ្នឹមផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច។

    ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកអ្នកនៅម្តុំនោះក៏នាំគ្នាចូលទៅមើលឃើញបុរសម្នាក់ដេកស្តូកស្តឹងរងរបួសធ្ងន់។ ឃើញដូច្នេះបងប្អូនអ្នកភូមិក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហើយជនរងគ្រោះមុននឹងឡើងលើរថយន្តសង្គ្រោះបន្ទាន់ បានផ្ដែផ្ដាំបងប្អូនប្រជាពលរដ្ឋដែលបានជួយគាត់ ដោយប្រាប់ថា ជួយរកប្រពន្ធគាត់ផង។ ប្រភពបានបញ្ជាក់បន្តទៀតថា ដោយមានការសង្ស័យ ព្រោះនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកមួកសុវត្ថិភាព២ និងស្បែកជើង២គូ សង្ស័យថាមានគ្នាពីរនាក់ប្ដីប្រពន្ធ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចខណ្ឌដង្កោ វាយខ្នោះឃាត់ខ្លួនយកទៅប៉ុស្តិ៍ភ្លាមៗ។​ ក្រោយកើតហេតុប្រជាពលរដ្ឋនាំគ្នាយកខ្សែចងរថយន្តដើម្បីអូសចេញពីទឹកនិងរុករកមើលដែរ ក្រែងរកឃើញមនុស្សដែលបាត់ខ្លួនជាប់នៅក្រោមរថយន្ត ដូចដែលពាក្យជនរងគ្រោះបានផ្តែផ្តាំ តែអស់ពេញជាង២ម៉ោង តែរុករកមិនឃើញឡើយ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមទាក់ទងហៅ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ ដោយសារតែមិនអស់ចិត្ត នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះបានមកអុចអូបបន់ស្រន់ ម្ចាស់ទឹកម្ចាស់ដី ដែលមានបារមីនៅកន្លែងកើតហេតុ ដើម្បីរកជនរងគ្រោះ ដែលបាត់ខ្លួននោះ មួយសន្ទុះក្រោយមក ក៏រកឃើញសព របស់បុរសរងគ្រោះហើយស្រង់ឡើងគោក ដើម្បីរងចាំសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់អោយសាច់ញាតិ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: