ជិតដឹងការពិតហើយ! ប្រអប់ខ្មៅទាំង២របស់យន្តហោះ Boeing 737 ដែលបានធ្លាក់ចូលក្នុងសមុទ្រ ត្រូវអាជ្ញាធរឥណ្ឌូនេស៊ីកំណត់ទីតាំងបានហើយ ពេលនេះក្រុមច្រមុជទឹកកំពុងតែចុះទៅរក
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC បានឲ្យដឹងថា ប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រោយហោះចេញពីទីក្រុង Jakarta កាលពីថ្ងៃសៅរ៍ម្សិលមិញ ឥលូវនេះអាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថា បានកំណត់ទីតាំងប្រអប់ខ្មៅយន្តហោះនោះបានហើយ។ អាជ្ញាធរឥណ្ឌូនេស៊ីបញ្ជាក់ថែមទៀតថា នាវាកំពុងតែស្វែងរកនៅទីតាំងនោះ ហើយក្រុមអ្នកមុជទឹករបស់កងទ័ពជើងទឹកត្រូវបានគេរំពឹងថា នឹងចុះទៅរកឃើញឧបករណ៍ថតសម្លេងទាំង២របស់យន្តហោះនោះ ចំណែកឯបំណែកយន្តហោះ និងសាកសពរបស់មនុស្សមួយចំនួនក៏ត្រូវបានគេរកឃើញផងដែរ។

គួរបញ្ជាក់ផងដែរថា យន្តហោះរបស់ក្រុមហ៊ុន Sriwijaya Air ដែលបានដឹកមនុស្សចំនួន៦២នាក់ បានហោះចេញពីព្រលានយន្តហោះនៅទីក្រុង Jakarta នៅវេលាម៉ោង ១៤ និង៣៦នាទី (ម៉ោងក្នុងតំបន់) ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Pontianak នៅភាគខាងលិចខេត្ត Kalimantan។ នៅវេលាម៉ោង ១៤ និង៤០នាទី យន្តហោះនោះក៏បានបាត់ទំនាក់ទំនង និងបានបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង។ អ្នកនេសាទឈ្មោះ Solihin បានប្រាប់សារព័ត៌មាន BBC ថា បានឃើញយន្តហោះធ្លាក់ចូលសមុទ្រយ៉ាងលឿន និងផ្ទុះឆាបឆេះនៅក្នុងទឹកថែមទៀតផង។ នៅលើយន្តហោះ Boeing 737 នោះមានមនុស្សសរុប៦២នាក់ ដោយ៥០នាក់ជាអ្នកដំណើរ (ក្នុងនោះមានទារក៣នាក់ និងកូនក្មេង៧នាក់) និងបុគ្គលិកបំរើការលើយន្តហោះ ១២នាក់ផងដែរ៕





ប្រភព៖ BBC
អត្ថបទ៖ សេម