ឃាត់ខ្លួនក្មេងទំនើង៣នាក់ ជិះម៉ូតូប្រើប្រាស់ច្នៃបំពង់ស៊ីម៉ាំងឲ្យលឺខ្លាំង ថែមទាំងគ្មានមួក គ្មានកញ្ចក់ ត្រូវបានស្នងការខេត្តកំពង់ស្ពឺយកមកធ្វើការអប់រំ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័ស បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ទាក់ទងក្មេងទំនើងជិះម៉ូតូប្រើប្រាស់កែឆ្នៃបំពង់ស៊ីមាំងម៉ូតូឲ្យឮខ្លាំង រំខានដំណេករបស់ពលរដ្ឋនៅពេលយប់ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិសាស្ត្រឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ កំលាំងជំនាញស្រុកភ្នំស្រួច សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមហាសាំង ស្រុកភ្នំស្រួចបានធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាប្រើប្រាស់ម៉ូតូ ម៉ាកហុងដា ១២៥ccសេរីឆ្នាំ២០០៨ ឡើងតែមសេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AB-6645 ពេលសាកសួរចម្លើយ គឺមានគ្នា០៣នាក់៖

1-ឈ្មោះ ផាន ដារីន ភេទប្រុស អាយុ15ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង
2-ឈ្មោះ ផាន រាជ ភេទប្រុស អាយុ17ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង
3-ឈ្មោះ វុធ សុវណ្ណរាជ (ជាម្ចាស់ម៉ូតូ និងអ្នកបើកម៉ូតូ) ភេទប្រុស អាយុ16ឆ្នាំ នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង
សកម្មភាពបានឲ្យដឹងថា មុខសញ្ញាក្មេងទំនើងទាំង ៣នាក់បានទទួលស្គាល់ថាជាទូទៅពួកគេតែងតែជិះម៉ូតូនៅពេលយប់ចន្លោះពីម៉ោង២២៖០០-២៤៖០០ ដើរលេងជាមួយមិត្ដភក្តិដទៃទៀត ហើយម៉ូតូរបស់ពួកគេភាគច្រើនគឺបានកែឆ្នៃស៊ីម៉ាំងអោយមានសម្លេងឮខ្លាំងការបើកបររបស់ពួកគេគឺច្រើនតែជិះបណ្ដេញគ្នាតាមដងផ្លូវជាតិលេខ៤ និងតាមផ្លូវលំក្នុងភូមិ ជិះម៉ូតូ មួយគ្រឿងមានគ្នាពី២នាក់ ទៅ៣នាក់ ដោយគ្មានពាក់មួកសុវត្ថិភាព និងគ្មានបំពាក់កញ្ចក់មើលក្រោយឡើយ។
សំណូមពរ ដល់អាណាព្យាបាល លោកឪពុក អ្នកម៉ែ ដែលមានកូនបែបនេះ សូមមេត្ដាខិតខំប្រឹងប្រែងធ្វើការអប់រំប្រៀនប្រដៅណែនាំអោយបានល្អព្រោះកូនៗជាអនាគតរបស់គ្រួសារវង្សត្រកូលតផៅសន្ដានទៅថៃ្ងអនាគត និងជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ បើបណ្ដែតបណ្ដោយមិនបានតាមដានយកចិត្ដទុកដាក់លើកិច្ចការមើលថែកូនចៅ ញាតិសណ្តានមុនទេ ការប្រកបមុខរបររកស៊ីទាំងអស់ហាក់បីដូចជាអសារបង់ គ្មានប្រយោជន៍ ពាក្យចាស់បុរាណ ” ដូចអំបិលត្រូវទឹក ” សមត្ថកិច្ចសង្ឃឹមថា កូនៗរបស់អស់លោកអ្នកប្រាកដក្លាយជា សរសរទ្រូងគ្រួសារ មានអនាគតល្អ ក្លាយជាទំពាំងដែលអាចមានប្រយោជន៍ដល់សង្គមជារៀងរហូត ៕