មកដឹងតម្លៃគ្រឿងអលង្ការដែលក្មេងស្រីរងគ្រោះត្រូវគេល្បួងដោះយក ដោយស្រ្តីវ័យចំណាស់បានប្រេីពាក្យបញ្ឆោតបែបនេះ
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីលួចដោះយកកងដៃនិងខ្សែកសិស្សសាលាបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង១៥នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាមានករណីលួងលោមក្មេងស្រីដេីម្បីដោះយកគ្រឿងអលង្ការ ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សំភារ:បាត់បង់រួមមានខ្សែក ០១ខ្សែមានតម្លៃ ២៣០ដុល្លារ និងកងដៃ ០១កងមានតម្លៃ ១៧០ដុល្លារ។

ដំណេីររឿងហេតុ ៖ កុមារីដែលជាជនរងគ្រោះបានចេញទៅសាលា ពេលរៀបដេីរចូលទៅថ្នាក់រៀនត្រូវបានស្រ្តីវ័យចំណាស់ម្នាក់ និងកុមារីម្នាក់ដែរមិនស្គាល់បាននិយាយល្បួងលួងលោម ឲ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហេីយនិយាយបញ្ឆោតឲ្យក្មេងស្រីរងគ្រោះដោះខ្សែកនិងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច បន្ទាប់មកស្រ្តីវ័យចំណាស់និងក្មេងស្រីជាបក្ខពួកបានធ្វេីសកម្មភាពដោះខ្សែកនិងកងដៃរបស់ក្មេងស្រីជនរងគ្រោះបានសម្រេច រួចឡេីងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បេីកគេចខ្លួនបាត់ទៅ។
ក្រោយពេលកេីតហេតុអាណាព្យាបាលរបស់ជនរងគ្រោះបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ ដេីម្បីបេីកការស្រាវជ្រាវឆែកមេីលរូបភាពកាមេរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ។ ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ