វ៉ាស្ដាំមិនផុតទាញចង្កូតមកឆ្វេងវិញកៀររថយន្តព្រូស ឡើងសួនច្បារទៅបុកផ្ទប់ជាប់បង្គោលភ្លើងខ្ទេចមួយកំណាត់មុខ និងរថយន្តដឹកទំនិញហោះរំលងសួនដាច់កង់មុខទាំងពីរ
រាជធានីភ្នំពេញ ៖ សាហាវ! រថយន្តដឹកទំនិញធុនធំ បើកវ៉ាស្ដាំជែងមិនផុតកាច់ចង្កូតមកឆ្វេងវិញ បុកកៀររថយន្ត PRIUS បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវខ្ទេចមួយកំណាត់មុខ ចំណែករថយន្តដឹកទំនិញបុករំលងសួនច្បារពុះចែកផ្លូវបញ្ច្រាសទៅផ្លូវម្ខាងទៀតប្រហែល៥០ម៉ែត្រ ដាច់កង់មុខទាំងសងខាង និងផុងខ្សាច់ជាប់ បើកទៅមុខមិនរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ នៅលើផ្លូវ៥០ម៉ែត្រ ខាងកើតស្តុប៦០ម៉ែត្រប្រហែល១៥០ម៉ែត្រ ក្នុងភូមិបតាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
រថយន្តបង្កប្រភេទដឹកទំនិញធុនធំ ម៉ាកហ៉ីយ៉ាន់ដាយ (Hyandai) ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-4617 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ និងព្រូរថយន្តរួមដំណើរជាមួយ២ទៅ៣នាក់ទៀត ។ ចំណែកឯរថយន្តតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-4237 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ។
បើតាមសម្ដីនគរបាលក្រុងតាខ្មៅបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿងបើកបរស្របគ្នា ទិសដៅពីលិចមកកើត តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ដោយធ្វើដំណើរបានប្រហែល១៥០ម៉ែត្រ ចម្ងាយពីស្តុប៦០ម៉ែត្រ មកដល់ចំណុចកើតហេតុ រថយន្តដឹកទំនិញធុនធំ បានបើកវ៉ាស្ដាំជែងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន អកហ្សឺវ៉ាមិនទាន់ផុតផង ក៏កាច់ចង្កូតមកខាងឆ្វេងដៃវិញ ស្រាប់តែកៀររថយន្តព្រូសខាងលើ បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តព្រូសខ្ទេចមួយកំណាត់មុខបុកផ្ទប់ជាប់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យធ្លាក់អំពូលភ្លើង LED អស់មួយដើម ចំណែករថយន្តដឹកទំនិញបុករំលងសួនច្បារពុះចែកផ្លូវ និងបន្តបញ្ច្រាសទៅផ្លូវម្ខាងទៀតប្រហែល៥០ម៉ែត្រ ដាច់កង់មុខទាំងសងខាង និងផុងខ្សាច់ជាប់ បើកទៅមុខមិនរួច ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក បាននាំគ្នាចុះរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលព្រកហូរ បានចុះមកដល់ និងបានរាយការណ៍ប្រាប់ផ្នែកជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត