បណ្តេញជនជាតិចិន១៦នាក់ចេញពីប្រទេស ដោយសារពាក់ព័ន្ធបទល្មើសទាំងនេះ និងហាមចូលកម្ពុជារយៈពេល ០៣ឆ្នាំ
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដោយទទួលបានបទបញ្ជារដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំង សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងសមត្ថកិច្ចនគរបាលសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើការបណ្តេញចេញជនជាតិ ចិនចំនួន ១៦នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន បានឲ្យដឹងថា ជនជាតិចិនចំនួន ១៦នាក់ខាងលើ ពាក់ព័ន្ធនឹងបទល្មើសបង្ករបួសស្នាមដោយចេតនា និងបង្ខាំងមនុស្សជម្រិតទារប្រាក់ បានធ្វើការបណ្តេញតាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ តាមជើងយន្តហោះលេខ ZH9046 វេលាម៉ោង ១៦និង៣០នាទី ទៅប្រទេសដើមវិញ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍