ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាសូរណាស់! ខំប្រឹងធ្វើការដល់យប់ ចុងក្រោយបែរអស់ជីវិត ដោយសារជិះម៉ូតូលឿនពេកជ្រុលបុកខឿនថ្មពុះចែកទ្រូងផ្លូវ

    BY Khmernote Media January 13, 2021
    អាសូរណាស់! ខំប្រឹងធ្វើការដល់យប់ ចុងក្រោយបែរអស់ជីវិត ដោយសារជិះម៉ូតូលឿនពេកជ្រុលបុកខឿនថ្មពុះចែកទ្រូងផ្លូវ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន រេចង្កូតជ្រុលទៅបុកខឿនពុះចែកផ្លូវ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច មុខវត្តនិរោធរង្សី លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    សពជនរងគ្រោះមានឈ្មោះ ហេង ផល្លីន អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិក បំរើការងារនៅមជ្ឈមណ្ឌលកំសាន្តណាហ្គាវើល ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាសរីវ៉ូ (Suzuki Smash Revo) ពណ៌សខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-5939 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់បែកក្បាលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុប្រគល់សពជូនឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: