ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញទំនិញហួសកាលបរិច្ឆេទជាង១០០គីឡូក្រាម នៅផ្សារបានលុង ខេត្តរតនគិរី

    BY Khmernote Media January 13, 2021
    រកឃើញទំនិញហួសកាលបរិច្ឆេទជាង១០០គីឡូក្រាម នៅផ្សារបានលុង ខេត្តរតនគិរី

    ខេត្តរតនគិរី៖ នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារបានលុង ខេត្តរតនគិរី។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១០០.២០គីឡូក្រាម មានដូចជា៖
    -ទឹកក្រូចដបចំនួន ២៧៩ដប ស្មើនឹង ៩១គីឡូក្រាម
    -សូដាកំប៉ុងចំនួន ១៦កំប៉ុង ស្មើនឹង ៤.៥០គីឡូក្រាម
    -ទឹកម្ទេស ៣ដប ស្មើនឹង ២.២០គីឡូក្រាម
    -មីកញ្ចប់ ចំនួន ១៦កញ្ចប់ ស្មើនឹង ២.៥០គីឡូក្រាម

    បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: