មោទកភាពណាស់! ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងការទប់ស្កាត់កូវីដ-១៩
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ បានចុះផ្សាយរបាយការណ៍ ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេស ដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោក។ តាមសេចក្តីក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ របាយការណ៍ខាងលើ ក្នុងនោះប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពី Saint Kitts និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៊ុបនិងស៊ីស្សល។

ជាងនេះទៅទៀតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ដដែល បានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា “កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនិងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូរឹង -១៩” ដែលមានពិន្ទុ ១/១ (១ ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់) ក្នុងចំណោម ១៦៦ ប្រទេសជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប៊្រុយណេ ដែលមានពិន្ទុ ០,៩៩ ។ ក្រសួងទេសចរណ៍ បានលើកឡងថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ក្រសួងបានបញ្ជាក់ថា ចំណាត់ថ្នាក់នេះជាមោទនភាពជាតិមួយផ្សេងទៀត របស់ប្រទេសកម្ពុជា និងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយ“កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ” ផ្តល់ភាពកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់។ ជាមួយគ្នានោះក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះការជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា និងស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីស្ថាប័នពាក់ព័ន្ធប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិអន្តរជាតិក្នុងការផ្សព្វផ្សាយដំណឹងដ៏រីករាយនេះ ដល់ដៃគូពាក់ព័ន្ធទេសចរជាតិអន្តរជាតិទាំងអស់ នៅជុំវិញពិភពលោកថា “កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩” ៕

ប្រភព៖ ក្រសួងព័ត៌មាន