ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យពលករខ្មែរបន្តស្នាក់នៅប្រទេសថៃបន្តទៀត កុំទាន់ធ្វើទៅណាមកណា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

    BY Khmernote Media January 15, 2021
    រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យពលករខ្មែរបន្តស្នាក់នៅប្រទេសថៃបន្តទៀត កុំទាន់ធ្វើទៅណាមកណា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមស្នាក់នៅក្នុងប្រទេសថៃបន្តទៀត ចៀសសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសថៃ។

    ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញបងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមហានិភ័យខ្ពស់ពីការឃាត់ខ្លួនរបស់អាជ្ញាធរសមត្ថកិច្ចថៃ និងលទ្ធភាពឆ្លងកូវីដ-១៩ ខ្ពស់ក្នុងអំឡុងពេលធ្វើដំណើរនេះ។

    ដូចនេះសូមបងប្អូនពលករកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃមេត្តារក្សាភាពនឹងនរ​ និងបន្តការស្នាក់នៅមួយកន្លែងដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ ដោយជឿទុកចិត្តលើសមត្ថកិច្ច និងលទ្ធភាពទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ ហើយក៏សូមបួសសួង និងជូនពរពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់មានសុខភាពល្អ និងចាកផុតពីជីងឺកូវីដ-១៩ ទាំងអស់គ្នា ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: