ជិះម៉ូតូមកឆក់ទូរស័ព្ទពីនារីរូបស្រស់កំពុងជិះលើកង់៣ តែត្រូវម្ចាស់កង់៣កៀរឲ្យដួល ជនសង័្សយភ័យពេករត់ចោលម៉ូតូ សមត្ថកិច្ចឆែកម៉ូតូទៅឃើញមានឯកសណ្ឋានបែបនេះក្នុងកែបម៉ូតូ
រាជធានីភ្នំពេញ ៖ រកឃើញអាវបុគ្គលិកដឹកជញ្ជូនអាហារមួយចំនួនពីរសម្រាប់ក្នុងកែបម៉ូតូ Scoopy ដែលបន្សល់ទុកនៅកន្លែងកើតហេតុ បន្ទាប់ពីជនសង្ស័យ ២នាក់ បានជិះឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទ iPhone 11Pro Max ពីនារីរូបស្រស់ជនជាតិវៀតណាម ២នាក់ កំពុងកាន់ទូរស័ព្ទចុចធ្វើដំណើរតាមកង់បីឥណ្ឌា មិនបានសម្រេច ព្រោះត្រូវកង់បីឥណ្ឌា បើកកៀរឲ្យដួលទើបធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោនាំគ្នាស្ទុះរត់ចោលម៉ូតូរួចគេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:១០នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចជាប់របងសាលាសុធារស តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលជាអ្នករត់កង់បីដឹកនារីរងគ្រោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គាត់បានដឹកនារីរូបស្រស់ជនជាតិវៀតណាមចំនួន២នាក់ជាភ្ញៀវដែលបានហៅកង់បីឥណ្ឌារបស់គាត់ជិះចេញពីណាហ្គាវើល ត្រលប់ទៅសណ្ឋាគារមួយកន្លែង ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុជាប់របងសាលាសុធារស ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ (វ័យប្រហែល២០ឆ្នាំជាង) ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី (Honda Scoopy) ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IO-9286 ធ្វើដំណើរតាមបណ្ដោយស្របទិសតាមមកពីក្រោយ ហើយបានជិះអែបស្ដាំដៃធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iPhone 11Pro Max ពីដៃនារីរូបស្រស់ជនជាតិវៀតណាមម្នាក់ ក្នុងចំណោម២នាក់ខាងលើ ដែលកំពុងកាន់ទូរស័ព្ទចុចធ្វើដំណើរតាមកង់បីឥណ្ឌា តែមិនបានសម្រេច ព្រោះត្រូវគាត់ទាញចង្កូតកង់បីឥណ្ឌាកៀរម៉ូតូជនសង្ស័យឲ្យដួល ទើបធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យស្លន់ស្លោនាំគ្នាស្ទុះរត់ចោលម៉ូតូដែលជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុ ដោយម្នាក់រត់គេចខ្លួនទាំងដោះស្បែកជើង ចែកផ្លូវគ្នាបាត់ស្រមោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកត្រួតពិនិត្យមើលផងដែរ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនដែលមាននៅកន្លែងកើតហេតុដូចជា ស្បែកជើងផ្ទាត់ ម៉ាក Havaianas ពណ៌លឿងទុំ ចំនួន០១គូ (ជារបស់ជនសង្ស័យម្នាក់ដែលរត់គេចខ្លួន), និងនៅក្រោមកែបម៉ូតូមាន កាបូបស្ពាយ ចំនួន០១ (ក្នុងនោះមានទូរស័ព្ទចុចពិលចំនួន០១គ្រឿង), ស្បែកជើងជ័រ ពណ៌ទឹកសមុទ្រ ចំនួន០១គូ, អាវ(ដៃវែង)បុគ្គលិកដឹកជញ្ជូនអាហារក្រុមហ៊ុន E-Gets ចំនួន០២អាវ និងម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី (Honda Scoopy) ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1IO-9286 ជារបស់ជនសង្ស័យដែលជិះធ្វើសកម្មភាព និងបន្សល់ទុកនៅកន្លែងកើតហេតុ ។
ចំណែកឯនារីជនជាតិវៀតណាមរូបស្រស់ដែលជិះកង់បី ដោយសារតែពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វី ទើបមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ នាំតែវែងឆ្ងាយ រួចឡើងជិះកង់បីឥណ្ឌាមួយទៀតចេញទៅបាត់តែម្ដង ។ ហើយម្ចាស់កង់បីដែលដឹកភ្ញៀវខាងលើ ក៏បានផ្ដាំផ្ញើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀត “មេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើងមានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាសអាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល” ។
ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកកន្លែងកើតហេតុ បាននាំអ្នកបើកកង់បីឥណ្ឌា ទៅសាកសួរបំភ្លឺហេតុការណ៍ និងយកសម្ភារៈខាងលើ និងម៉ូតូរបស់ជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុ ទៅរក្សាទុកដើម្បីរងចាំធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបក្ខពួកជនសង្ស័យ តាមជំនាញបន្តពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត