ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិនបើកឡានលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចដាក់មេប្រូចបាត់ទុកឡានចោលកណ្តាលផ្លូវ

    BY Khmernote Media January 20, 2021
    ជនជាតិចិនបើកឡានលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចដាក់មេប្រូចបាត់ទុកឡានចោលកណ្តាលផ្លូវ

    រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច ក៏ហៅកង់បីជិះគេចខ្លួនបាត់ស្រមោល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៤០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅត្រង់ចំណុចស្តុបផ្សារស៊ីឡឹប ផ្លូវបំបែកជាបួន លើផ្លូវព្រះសីហនុ កែងផ្លូវត្រសក់ផ្អែម(ផ្លូវលេខ៦៣) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA-PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BH-5881 បើកបរដោយជនជាតិចិនម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់បែកខូចខាតរបាំងថ្មអស់ចំនួន១ផ្ទាំង និងបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួច តែមិនបណ្ដាលឲ្យជនជាតិចិនជាអ្នកបើកបររថយន្តរងរបួសទេ ព្រោះរថយន្តផ្ទុះពោងការពារសុវត្ថិភាព ហើយភ្លាមៗនោះជនជាតិចិនរូបនោះបានចុះពីរថយន្ត ហៅកង់បីជិះចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ មុនសមត្ថកិច្ចចុះមកដល់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចតុមុខ សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌចុះទៅពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកវាស់វែង រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: