ព័ត៌មានជាតិ

ជិះឡានស៊េរីទំនើប ចុះមករករឿងវាយតប់គេកំពុងអង្គុយផឹកស៊ី ចុងក្រោយនាំគ្នារត់ចោលឡាន និងត្រូវប្រជាពលរដ្ឋក្បែរនោះនាំគ្នាវាយខ្ទេចឡានទៀត

BY
Khmernote Media
January 21, 2021

ម្នាក់សន្លប់ ម្នាក់បែកមាត់ ម្នាក់ជាប់ខ្នោះ និងម្នាក់ទៀតនាំទៅសួរ បន្ទាប់ពីក្រុមខាងរថយន្ត RANGE ROVER និងម៉ូតូធំ បេីកមករករឿង រហូតវាយតប់អ្នកអង្គុយផឹកស៊ីមុខបន្ទប់ជួល ហេីយដកកាំភ្លេីងបម្រុងបាញ់គំរាម តែបាញ់មិនចេញ ក៏បេីកឡានរត់ទៅបុកកង់បីបាស់ជេីងឡេីងលេី

រាជធានីភ្នំពេញ ៖ បុរសមួយក្រុមកំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែង ស្រាប់តែមានបុរសមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង និងម៉ូតូធំមួយគ្រឿងទៀត ចុះមកស្រែកសួរថា “ពួកឯងរករឿងប្អូនអញមែន” ក៏កើតមានការឈ្លោះប្រកែកតឹងសរសៃក រហូតកើតមានហិង្សាឡើង ប្រដាប់ដោយវិទ្យុទាក់ទង(ID) វាយគ្នាទៅវិញទៅមក ដូចរឿងហុងកុង បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់ ក្នុងនោះម្នាក់របួសធ្ងន់សន្លប់ស្ដូក ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ យកទៅសួរនាំ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០០:១០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង (ផ្សារមនោរម្យ) ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនកើតហេតុ គេឃើញបុរស៣-៤នាក់ ដែលជាអ្នកផ្ទះជួលក្បែរគ្នា បានអង្គុយផឹកស៊ីជួបជុំគ្នានៅចំណុចកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុ គេឃើញមានបុរសមួយក្រុមមានគ្នា៤ទៅ៥នាក់ ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AO-4034 និងម៉ូតូធំមួយគ្រឿងទៀត ម៉ាក FTR ពាក់ស្លាកលេខតាកែវ 1V-0826 បានបើកមកឈប់នៅកន្លែងបុរស៣-៤នាក់ដែលកំពុងផឹកស៊ី ដោយបានស្រែកសួរថា “ពួកឯងហ្នឹងរករឿងប្អូនអញមែន” គ្រាន់តែស្រែកសួររួចហើយ ក៏កើតមានការឈ្លោះប្រកែកតឹងសរសៃក រហូតកើតមានហិង្សាឡើងតែម្ដង ដោយភាគីខាងម៉ូតូនិងរថយន្ត RANGE ROVER ប្រដាប់ដោយវិទ្យុទាក់ទង(ID) និងដុំថ្ម បានបើកឆាកវាយតប់គ្នាទៅវិញទៅមក ដោយភាគីខាងអ្នកអង្គុយផឹកបានវាយវិញដែរ តែមាឌខាងម៉ូតូនិងរថយន្តមើលទៅធំជាង និងរហ័សរហួនជាង ទើបបណ្តាលបុរសពីរនាក់ដែលកំពុងផឹកស៊ីរងរបួសបែកមិខបែកមាត់ និងម្នាក់ទៀតរងរបួសធ្ងន់សន្លប់ស្តូក ។

ប្រភពបន្តថា បន្ទាប់មកខាងភាគីរថយន្តបានដកកាំភ្លើងបម្រុងបាញ់គំរាមដែរ តែបាញ់មិនចេញ ក៏នាំគ្នាឡើងបើករថយន្តបម្រុងបើកចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកម៉ូតូកង់បីខ្មែរដាក់បាំងពីមុខ ដើម្បីរារាំងមិនអោយចេញពីកន្លែងកើតហេតុ ទើបម្នាក់ក្នុងចំណោមភាគីខាងរថយន្តនោះ បានឡើងជិះម៉ូតូធំ FTR រត់គេចតាមផ្លូវបំបែកម្ខាងទៀត ដែលជាផ្លូវទាល់ ដោយសង្ងំកាច់ស្លាកលេខម៉ូតូបោះចោល និងកោសថ្នាំដែលបាញ់ជាប់ម៉ូតូដែលមានអក្សរ ខណ្ឌកំបូលនោះចេញអស់ ចំណែករថយន្ត RANGE ROVER បានបន្ថែមល្បឿនបើកបំបុកកង់បីដែលដាក់បាំងផ្លូវនោះ បណ្ដាលឲ្យក្រឡាប់បាស់ឡើងលើ បែកបាក់ខូចខាតរាយប៉ាយសម្ភារៈខ្ទេចខ្ទីពេញកន្លែងកើតហេតុ ហើយភ្លាមនោះអ្នកបើកបររថយន្តបានចុះគេចខ្លួនចេញទៅបាត់ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារ ក៏ផ្ទុះហិង្សាមួយប្រ៉ាវ វាយបែកកញ្ចក់រថយន្តខ្ទេចខ្ទីខូចខាតយ៉ាងដំណំតែម្ដង ។

បន្ទាប់មកក៏មានអ្នកជិតខាងផ្ដល់ព័ត៌មានទៅកាន់ប្រចាំបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបឃើញកម្លាំងនគរបាលខណ្ឌកំបូល ដឹកនាំលោក ហង្ស មុនី អធិការខណ្ឌកំបូល ចុះទៅអន្តរាគមន៍ហើយបានធ្វើការនាំខ្លួន និងឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន២នាក់យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: