ព័ត៌មានជាតិ

ពលករខ្មែរ ១៣៥នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានតាមបណ្តាខេត្ត ស្រុកនានា ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

BY
srey nuch
January 22, 2021

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​ពលករខ្មែរ១៣៥​នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបំពេញនូវវិធានសុខភាពបានយ៉ាងត្រឹមត្រូវ ដោយបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះ។

ក្នុងឱកាសជូនដំណើរបងប្អូនពលករខ្មែរត្រឡប់ទៅលំនៅឋានតាមបណ្តាខេត្ត ស្រុក នានា ​កាលពីព្រឹកមិញនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យ​ដឹងថា​ពលករ​ដែល​បានបញ្ចប់​ការធ្វើ​ចត្តាឡីស័ក និង​បាន​ចាកចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​​កងវ៉ាក្នុងក្រុងសិរីសោភ័ណនេះ មានចំនួន១៣៥នាក់ ស្រី ៧០នាក់ ដោយបានចាត់ចែងដឹក ជញ្ជូនបងប្អូនឱ្យបានត្រឡប់ទៅកាន់លំនៅឋានវិញតាមរថយន្តដឹក​ជញ្ជូនរបស់កងទ័ព។

ឯកឧត្តមបាន​ថ្លែងទៀតថា ​​​សុខភាព និង​ស្ថានភាព​នៃ​ការស្នាក់នៅ​ធ្វើ​ចត្តាឡីស័ក​គឺមាន​ភាពល្អប្រសើរ ​ដោយសារតែមានការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​​បានផ្តល់​បន្ថែម​នូវ​ថវិកា សម្ភារ​ស្នាក់នៅ និង​គ្រឿង​ឧបភោគ​បរិភោគ​មកដល់​ពលករ​នៅ​មណ្ឌល​ចត្តាឡីស័ក​នេះ​ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមមន្ត្រីសុខាភិបាលរួមអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធផងនោះ។ ​អភិបាលខេត្តបន្ទាយមានជ័យ​​ បាន​ផ្តាំផ្ញើ​ទៅដល់​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ត្រូវសហការជាមួយនឹងអាជ្ញាធរដោយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ពេញលេញគោរពតាម​ការណែនាំ និងអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​ដើម្បី​បញ្ចៀស​នូវ​ការចម្លង​វីរុស​កូវីដ​១៩ ចូល​ទៅក្នុង​សហគមន៍​ឬ​ក្រុម​គ្រួសារ​នៅផ្ទះ​​ ​​។

ជាមួយនោះដែរឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ បង្កើនការប្រុងប្រយ័ត្នថែមទៀត ចូលរួមអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់​ម៉ាស់​ត្រូវលាងដៃឱ្យ​បានញឹកញាប់ជាមួយសាប៊ូ អាល់កុល ជែល រក្សាគម្លាតបុគ្គលនិងសង្គម​​ដើម្បីគេចផុតពីការឆ្លងជំងឺកូវីដ១៩នោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: