រថយន្តសណ្ដោងកន្ទុយកុងតឺន័រ បើកលឿនក្នុងផ្លូវកោង មិនបន្ថយល្បឿនស្រាប់តែផ្អៀងក្រឡាប់ធ្លាក់កន្ទុយផ្ងារជើងម្ខាងនៅលើផ្លូវ ចំណែកម្ចាស់តៃកុងគេចខ្លួនបាត់ស្រមោល
រាជធានីភ្នំពេញ៖ រថយន្តសណ្តោងកន្ទុយកុងតឺន័រមួយគ្រឿង បើកយ៉ាងលឿន បួងចង្កូតផ្លូវកោងទាំងមិនបន្ថយល្បឿន ស្រាប់តែផ្អៀងក្រឡាប់ធ្លាក់កន្ទុយទូកុងតឺន័រលើផ្លូវ ផ្ងារជើងម្ខាងតែមិនមានមនុស្សរងរបួសទេ ភ្លាមៗនោះតៃកុងឡើងជិះកង់បីគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០០:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបព្រះកុសុមៈ តាមផ្លូវ២៧១ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿងម៉ាក FUSO ក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3F-0141 សណ្ដោងកន្ទុយដឹកទូរកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 4A-7828 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីស្តុបណូគា ឆ្ពោះមកកាន់ស្ពានអាកាស៧មករា (ពេទ្យលោកសង្ឃ) ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោង រថយន្តបានបួងចង្កូតបត់ឆ្វេង មិនបន្ថយល្បឿន ស្រាប់តែផ្អៀងកន្ទុយក្រឡាប់ធ្លាក់ទូរកុងតឺន័រផ្ងារជើងម្ខាងលើថ្នល់ រងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ គ្រាន់តែខូចខាតថ្នល់ជាច្រើនម៉ែត្រ និងខឿនចិញ្ចើមផ្លូវមុខផ្ទះ ប្រជាពលរដ្ឋនិងមុខទីតាំងABAប៉ុណ្ណោះ ភ្លាមៗនោះតៃកុងឡើងជិះកង់បីគេចខ្លួនបាត់ស្រមោល។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ក្រុមការងារយើងថា ករណីរថយន្តកុងតឺន័រក្រឡាប់ផ្ងារជើងម្ខាង នៅចំណុចនេះគឺជាលើកទី២ហើយ ដែលរថយន្តធុនធំសណ្ដោងកុងតឺន័រទាំងនេះ បើកបរលឿនៗណាស់ ធ្វើឲ្យប្រជាពលរដ្ឋបាននាំគ្នាសម្ដែងការមិនពេញចិត្ត និងសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការអប់ណែនាំ ចំពោះអ្នកបើកបររថយន្តធុនធំទាំងអស់នោះផង នេះសំណាងហើយ ដែលបួងចង្កូតក្រឡាប់មកពុំមានយានយន្តផ្សេងទៀតធ្វើដំណើរជិតនោះ ឬប្រជាពលរដ្ឋណានៅរងចាំដកលុយពីទូរATM នៅទីនោះ តែបើសិនបើមានវិញច្បាស់ជាគ្រោះថ្នាក់ធំជាងនេះមិនខាន ដូច្នេះហើយសូមការពារកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវ ច្បាប់ជាបន្តទៀតនៅពេលក្រោយ។
គួររំលឹកដែរថា កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅត្រង់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់បើកបររថយន្តធុនធំម៉ាក FUSO ពណ៌ស ជាប្រភេទរថយន្តកុងតឺន័រដឹកបន្ទះក្តារ ពាក់ស្លាកលេខភ្នំពេញ 3B-4390 ដឹកធ្ងន់ខ្លាំងពេក ខណៈពេលដែលអ្នកបើកបរព្យាយាមបួងចង្កូត ខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើង រងការខូចខាត និងបណ្តាលឲ្យខឿននិងសំយ៉ាបមុខផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតផងដែរ ដោយកាលនោះក៏មិនមានអ្នកណារងរបួសដែរ ៕







ដោយ៖ បងម៉េង ខ្មែរណូត