ជិះម៉ូតូ TODAY ដឹកគ្នាមកលួចម៉ូតូ Wave ដល់ក្នុងផ្ទះគេ រួចគេចខ្លួនបាត់៣ថ្ងៃ ត្រូវប៉ូលិសប្រទះឃើញជិះតាមផ្លូវ ក៏ចាប់ឃាត់ខ្លួនបានម្នាក់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពចូលលួចម៉ូតូម៉ាក Wave នៅក្នុងផ្ទះលេខ១៣៧៦ កាលពីវេលាម៉ោង០៥:៤០នាទីទៀបភ្លឺ ចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ដែលស្ថិតនៅផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៉ាន សុឃឿន ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅផ្ទះលេខ១៣៧៦ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេផ្ទះ។ ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានឲ្យក្រុមការងារខ្មែរណូតដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ជនរងគ្រោះបានយកម៉ូតូមកចាក់សោរចតទុកនៅកន្លែងកើតហេតុ រួចចូលសម្រាកក្នុងបន្ទប់ លុះដល់វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះភ្ញាក់ពីគេងមិនឃើញម៉ូតូ ក៏មកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យជួយស្រាវជ្រាវរក។
ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ ក្រហម (បិទឡូហ្គោលរាងមូល នៅជាប់អាវម៉ូតូសងខាង) បានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ។ លុះដល់ម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យឈ្មោះ ចាន់ វាសនា កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ (មានបិទឡូហ្គោលរាងរង្វង់មូល ទាំងសងខាងអាវម៉ូតូ ដែលមានអក្សរ F.I.G.H.T) នៅចំណុចផ្លូវ វេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានភិនភាពដូចម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ក៏ធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ក្រោយពីសាកសួរជនសង្ស័យបានសារភាពថារូបគេ និងបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ (Wave) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HD-8550 របស់ជនរងគ្រោះពិតប្រាកដមែន។
វត្ថុតាងដកហូត៖ ម៉ូតូ ០១គ្រឿង ម៉ាក ធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១DG-១២៦០ (មានបិទឡូហ្គោលរាងរង្វង់មូល ទាំងសងខាងអាវម៉ូតូ ដែលមានអក្សរ F.I.G.H.T)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត